ភ្នំពេញ ៖ តូបលក់កាហ្វេ មួយកន្លែង សង្ស័យឆ្លងចរន្តអគ្គិសនី ខណៈម្ចាស់តូបមិនទាន់បានបើកលក់ផង ស្រាប់ តែអណ្តាតភ្លើងឆេះសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលវេលាម៉ោង ៥និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅចំណុចបរិវេណទីក្រុងនរា តាមផ្លូវមាត់ទន្លេ ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលដើរហាត់ប្រាណ បានឱ្យដឹងថា មុនកើតហេតុ ខណៈពួកគាត់កំពុងតែនាំគ្នាដើរហាត់ប្រាណតាមដងទន្លេមេគង្គ ស្រាប់តែឃើញអណ្តាតភ្លើង កំពុងឆេះសន្ធោសន្ធៅ នៅតូបលក់កា ហ្វេ ១កន្លែង ដែលម្ចាស់មិនទាន់បើកលក់ផង ដោយអណ្តាតភ្លើង បានឆាបឆេះយ៉ាងខ្លាំង ទើបពួកគាត់ប្រញាប់រាយការណ៍ទៅសន្តិសុខកោះនរា ដើម្បីទាក់ទងសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំង ជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះ ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេ លា បានបន្តថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាប ឆេះបន្ត ដល់រថយន្តដែលនៅក្បែរនោះ។ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើ ប្រា ស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើ ប្រាស់ទឹក អស់២ឡាន ស្មើនឹង ៨ម៉ែត្រគូប រថយន្តជំនួយ មកពីទីក្រុងកោះពេជ្រ ចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តទីក្រុងកោះនរា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក។

ចំពោះសំណង់ខាងលើនេះ ប្រភេទដែកប្រក់ស័ង្កសី ទំហំ ២ម៉ែត្រ គុ៧ណនឹង ៤ម៉ែត្រ ឆេះខូចខាតតូបលក់កាហ្វេ អស់ទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដាលឡើយ។ ចំពោះករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថ កិច្ចជំនាញ គ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង ៦និង០៥នាទីព្រឹក ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ ករណីខាងលើនេះ មិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕
