ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌទួលគោក បានធ្វើការឃាត់រថយន្ត ៣គ្រឿង និងម៉ូតូ ១៣គ្រឿង ជាបន្តបន្ទាប់ ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿន ក្នុងទីប្រជុំជន ល្មើសច្បាប់កំណត់ បង្កឱ្យមានការភ័យខ្លាច និងមានសំឡេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្តាប់ធ្នាប់សាធារណៈលើដងផ្លូវ នៅតាមទីតាំងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។


បើតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាខណ្ឌ បានឱ្យម្ចាស់រថយន្តនិងម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណជន តទៅទៀត។ ចំណែកម៉ូតូនិងរថយន្ត ត្រូវបានបានដកហូតរក្សាទុកជាបណ្តោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕

