Saturday, April 4, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលក់ថ្នាំញៀន ៣០០ដង ជាប់ខ្នោះ៤

លក់ថ្នាំញៀន ៣០០ដង ជាប់ខ្នោះ៤

ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រី ១ក្រុម ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ យ៉ាងសកម្ម ធ្លាប់ទិញថ្នាំញៀន យកមកលក់បន្ត ចំនួន៣០០លើក មកហើយ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន ៤នាក់ (ស្រី១) នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងបន្តឈានដល់សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។

ជនសង្ស័យទាំង៤នាក់ដែលត្រូវឃាត់ខ្លួន រួមមានទី១-ឈ្មោះអឿន ជ័យរដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ។ ទី២-ឈ្មោះង៉ិ ស្រីនិត ភេទស្រី អាយុ២២ឆ្នាំ។ ទី៣-ឈ្មោះធី វឌ្ឍនា ហៅហ៊រ ភេទប្រុស អាយុ២៣ឆ្នាំ និងទី៤-ឈ្មោះខុម សុខធារ៉ា ហៅអុំ ភេទប្រុស អាយុ២៩ឆ្នាំ។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ថា ជនសង្ស័យពាក់ព័ន្ធនឹងបណ្តាញជួញដូរគ្រឿងញៀន យ៉ាងសកម្ម ចំនួន៤នាក់ ខាងលើ ត្រូវបានកម្លាំងសម ត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ រួមទាំងដកហូតថ្នាំញៀន ចំនួន៧កញ្ចប់តូច កាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងបន្តឈានដល់សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ព្រមទាំងដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកក ចំនួន៧កញ្ចប់តូច សម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំ នួន ជញ្ជីងថ្លឹង១ ទូរស័ព្ទដៃ ៣គ្រឿង និងក្រដាសវេរលុយ វីង ចំនួន២សន្លឹក។

លោកអធិការ បន្តថា មុនពេលឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ ទាំង៤នាក់ខាងលើ មានប្រជាពលរដ្ឋបានរាយការណ៍ថា មានសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅផ្ទះរបស់ឈ្មោះអឿន ជ័យរដ្ឋ ក្នុងភូមិព្រែកស្វាយ២។ ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍ឈើទាល និង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានចុះដល់កន្លែងកើត ហេតុ ឃាត់ខ្លួនម្ចាស់ផ្ទះ ឈ្មោះអឿន ជ័យរដ្ឋ និងឈ្មោះង៉ិ ស្រីនិត រួមទាំងដកហូតបានថ្នាំញៀន ៦កញ្ចប់តូច។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះ គឺទិញពីឈ្មោះហ៊រ ក្នុងតម្លៃ ៥ម៉ឺនរៀល ដើម្បីយកមកវេចខ្ចប់លក់បន្ត ហើយឈ្មោះង៉ិ ស្រីនិត បានបញ្ជាក់ថា ឈ្មោះហ៊រ ធ្លាប់ប្រាប់ថា យកថ្នាំញៀន ពីឈ្មោះអុំ មកឱ្យពួកគេ។

លោកអធិការ បញ្ជាក់ទៀតថា ផ្អែកតាមចម្លើយសារភាពខាងលើ នៅវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញបានបន្តនីតិវិធីចុះទៅដល់ផ្ទះរបស់ឈ្មោះ ខុម សុខធារ៉ា ហៅអុំ នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ រួចឃាត់ខ្លួនឈ្មោះខុម សុខធារ៉ា ហៅអុំ និងឈ្មោះធី វឌ្ឍនា ហៅហ៊រ ព្រមទាំងដកហូតបានថ្នាំញៀន ១កញ្ចប់តូចបន្ថែមទៀត។

ពេលសាកសួរ ឈ្មោះហ៊រ បានសារភាពថា ខ្លួនពិតជាបានយកថ្នាំញៀនពីឈ្មោះ អុំ ទៅលក់បន្តប្រាកដមែន។ ចំណែកឈ្មោះអុំ ក៏បានសារភាពដែរថា ខ្លួនធ្លាប់ឱ្យថ្នាំញៀន ទៅឈ្មោះហ៊រ ប្រហែល ៣០០ដងមកហើយ ដោយថ្នាំញៀនទាំងនោះ ខ្លួនបានទិញពីបុរសម្នាក់ នៅម្តុំវត្ត ព្រែកប្រា ចំនួនកន្លះគីឡូក្រាម ក្នុងតម្លៃ៤ពាន់ដុល្លារ ដោយបានប្រគល់លុយឱ្យមុន ២៦០០ដុល្លារ។

ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES