Wednesday, April 8, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃ្លាំងស្តុកហ្គាស់ អគ្គិភ័យលេបត្របាក់  ផ្អើលដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ឃ្លាំងស្តុកហ្គាស់ អគ្គិភ័យលេបត្របាក់  ផ្អើលដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ភ្នំពេញ ៖ ទីតាំងឃ្លាំងលក់និងបញ្ចូលហ្គាស់ មួយកន្លែង ស្ថិតនៅផ្លូវ២០៥ កែងផ្លូវ២៩៧ ក្រុម១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានកើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ០៥:១០នាទីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ផ្អើលសមត្ថកិច្ចជំនាញ ចេញអន្តរាគមន៍ និងផ្អើលដល់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលមានលំនៅឋានក្បែរកន្លែងកើតហេតុ។

តាមប្រភពការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងន គរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣១ គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹក​ អស់១៤៧ឡាន​ ស្មើនឹង ៥៨៨ម៉ែត្រគូប​,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ​ ចំនួន ០៣គ្រឿង​ ប្រើប្រាស់​ទឹកអស់ ០៦ឡាន​ ស្មើនឹង ៣៦ម៉ែត្រគូប,​ រថយន្តរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ចំនួន ០២គ្រឿង​ ប្រើប្រាស់ទឹក អស់០៤ឡាន​ ស្មើ​នឹង ២៤ម៉ែត្រ​គូប​,​ រថយន្តរបស់ទីក្រុងកោះនរា​ ចំ​នួន០២គ្រឿង​ ប្រើប្រាស់​ទឹកអស់ ០២ឡាន​ ស្មើ​នឹង ១២ម៉ែត្រគូប,​ រថយន្តរបស់ទីក្រុងអូឡាំព្យ៉ា​ ចំនួន ០២គ្រឿង​ ប្រើប្រាស់​ទឹក អស់ ០២ឡាន​ ស្មើ​នឹង ១២ម៉ែត្រ​គូប​ និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង​ ប្រើប្រាស់ទឹក ​អស់០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប​។

ចំពោះសំណង់ខាងលើនេះ ថ្មប្រក់ស័ង្កសី ទំហំ​ (១៨ម៉ែត្រ​ x ២៥ម៉ែត្រ​)​ ឆេះផ្ទះថ្មប្រក់ស័ង្កសី​ ចំនួន ០១ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង និងឆេះផ្ទះថ្ម ចំនួន ០៥ល្វែង, រថយន្ត ចំនួន ០៣គ្រឿង, ម៉ូតូសណ្តោងរ៉ឺម៉ក ចំនួន ០១គ្រឿង។ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់គ្រប់គ្រងទាំងស្រុង នៅម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា​ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ យ៉ាងណា ករណីខាងលើនេះ ពុំបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ។

គួរបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះ ក៏បានបង្កការភ្ញាក់ផ្អើលដល់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ ផងដែរ ដែលលោកមានលំនៅឋានក្បែរកន្លែងកើតហេតុ។ ប៉ុន្តែយ៉ាងណា លោករដ្ឋមន្ត្រី បានអរគុណចំពោះអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ច ពិសេសកម្លាំងជំនាញពន្លត់អគ្គិភ័យ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការយ៉ាងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងគ្រោះអគ្គិភ័យខាងលើ ដោយអាចទប់ស្កាត់ការខូចខាតឱ្យស្ថិតនៅកម្រិតអប្បបរមា។

លោក ហួត ហាក់ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី៧ ឃែមេសា ឆ្នាំ២០២៦ ថា «ខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដីគ្រប់ ជាន់ថ្នាក់ (រាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថ ..) កងកម្លាំងមានសមត្ថកិច្ច ពិសេសកង កម្លាំងជំនាញពន្លត់អគ្គិភ័យ និងអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងក្រុមហ៊ុន OCIC ផងដែរ ដែលបានខិតខំប្រឹងប្រែងនិងសហការយ៉ាងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងគ្រោះអគ្គិភ័យដែលបានកើតឡើងនៅផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ដោយអាចទប់ស្កាត់ការខូចខាត ឱ្យស្ថិតនៅកម្រិតអប្បបរមា។ ក្នុងនាមជាជនរងគ្រោះ ដែលរងផលប៉ះពាល់ដោយសារការរាលដាលពីផ្ទះអ្នកជិតខាង (ផ្ទះលក់ហ្គាស់ LPG)  ខ្ញុំសូមសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ ការឆ្លើយតបយ៉ាងទាន់ពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់»៕

RELATED ARTICLES