Tuesday, April 21, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេកពេទ្យកំដរឪឈឺ ចោរគាស់ផ្ទះលួចម៉ូតូ

ដេកពេទ្យកំដរឪឈឺ ចោរគាស់ផ្ទះលួចម៉ូតូ

ខេត្តកណ្តាល ៖ បុរសម្នាក់ បានចាក់សោទ្វារផ្ទះ រួចចេញទៅមើលឪពុកឈឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ លុះយប់ជ្រៅទៅហើយ មិនហ៊ានត្រឡប់មកវិញ ព្រួយបារម្ភពីសុវត្ថិភាពតាមផ្លូវ ទើបសម្រេចចិត្តសម្រាកនៅមន្ទីរពេទ្យ កំដរឪពុក ១យប់ ស្រាប់តែព្រឹកឡើង ត្រឡប់មកដល់ផ្ទះ ឃើញទ្វារចំហ ចូលទៅមើល ទើបដឹងថា មានចោរគាស់ផ្ទះ លួចម៉ូតូ ១គ្រឿងបាត់ទៅហើយ។

ករណីនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ រូបគាត់បានរៀបចំបិទទ្វារផ្ទះ ដើម្បីទៅមើលឪពុកឈឺ នៅមន្ទីរពេទ្យរុស្ស៊ី ដោយផ្ទះរបស់គាត់ មានទ្វារ២ជាន់ ហើយក៏បានចាក់សោនៅទ្វាខាងក្រៅ ចំណែកទ្វារខាងក្នុង គឺមិនបានចាក់សោនោះទេ ដោយសារតែគាត់គិតថា ពេលដែលទៅមើលឪពុកឈឺហើយ នឹងត្រឡប់មកវិញ។ លុះពេលទៅដល់មន្ទីរពេទ្យ បានមើលឪពុក រួចរាល់នៅវេលាម៉ោង ១១យប់ គាត់ក៏បានសុំម្តាយ ដើម្បីត្រឡប់មកផ្ទះវិញ ព្រោះគាត់មានការព្រួយបារម្ភទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ ពេលនោះ ម្តាយរបស់គាត់ បានឃាត់ មិនឱ្យគាត់ត្រឡប់មកទាំងយប់នោះទេ ដោយពួកគាត់មាន ការព្រួយបារម្ភអំពីសុខសុវត្ថិភាពតាមផ្លូវ ព្រោះយប់ជ្រៅ នៅតាមដងផ្លូវនេះ ស្ងាត់ ដោយគាត់មានការព្រួយ បារម្ភខ្លាចមានជនសង្ស័យធ្វើសកម្មភាពកាប់វាយប្លន់។ ពេលនោះ រូបគាត់គិតថា យប់ជ្រៅដែរហើយនោះ ទើបរូបគាត់សម្រេចថាសម្រាកនៅមន្ទីរពេទ្យ ជាមួយឪពុកដែលឈឺ និងម្តាយនៅទីនោះតែម្តងទៅ។

ជនរងគ្រោះ បានបន្តថា លុះមកដល់វេលាម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ រូបគាត់បានវិលត្រឡប់ពីមន្ទីរពេទ្យ មកផ្ទះវិញ ខណៈពេលនោះក៏មានម៉ូយខោអាវរបស់គាត់ ដែលតែងតែយកខោអាវមកបោកគក់នៅផ្ទះរបស់គាត់រាល់ថ្ងៃ ឃើញទ្វារផ្ទះចំហ តែមិនឃើញមនុស្ស ហើយម៉ូយរបស់គាត់នោះ ក៏បានទូរស័ព្ទសួរគាត់ថា “នៅទីណា?” ពេលនោះគាត់បានប្រាប់ថា បន្តិចទៀត គាត់នឹងទៅដល់ផ្ទះហើយ លុះពេលទៅដល់ផ្ទះ ស្រាប់តែឃើញទ្វារចំហទាំងក្នុងទាំងក្រៅ ពេលនោះរូបគាត់បានឆ្ងល់ថា តើអ្នកណាមកបើកទ្វារផ្ទះរបស់គាត់? ភ្លាមៗនោះ គាត់បានស្ទុះទៅមើលនៅខាងក្នុងផ្ទះ ស្រាប់តែបាត់ម៉ូតូ ១គ្រឿង ហើយគាត់ក៏បានបន្តទៅមើលសម្ភារៈនិងទ្រព្យសម្បត្តិមានតម្លៃរបស់គាត់ផ្សេងទៀត ប៉ុន្តែមិនមានបាត់បង់អ្វីក្រៅពីម៉ូតូនោះទេ។

ជនរងគ្រោះបានបញ្ជាក់ថា ម៉ូតូដែលបាត់បង់នោះ ម៉ាកហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ កណ្តាល 1AT-8352 ជាម៉ូតូបង់រំលស់ក្រុមហ៊ុនលក់ម៉ូតូ មិនទាន់ដាច់នៅឡើយ។

ក្រោយគើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងកើប ដើម្បីឱ្យសមត្ថកិច្ចស្វែងរកជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងបានសំណូមពរឱ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូរបស់គាត់ផង៕

RELATED ARTICLES