Tuesday, April 28, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់ប្តី រកឃើញកង់បីឆេះហ្មត់    ប្រពន្ធទួញយំ បន់ឲ្យឆាប់រកឃើញ

បាត់ប្តី រកឃើញកង់បីឆេះហ្មត់    ប្រពន្ធទួញយំ បន់ឲ្យឆាប់រកឃើញ

ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នករត់ម៉ូតូកង់បី បានបាត់ខ្លួន ហើយត្រូវបានក្រុមគ្រួសារស្វែងរក ក៏បានប្រទះឃើញម៉ូតូកង់បី ត្រូវបានដុតកម្ទេចចោល នៅដីវាលមួយកន្លែង នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ធ្វើឲ្យស្ត្រីជាប្រពន្ធ ទួញយំ ដោយភ័យបារម្ភពីសុវត្ថិភាពប្តី សង្ស័យអាចត្រូវបានចោរប្លន់សម្លាប់ ហើយបន់ស្រន់ឲ្យរកឃើញប្តីឆាប់ៗ បើប្តីនៅរស់ ឲ្យឃើញមនុស្សត្រឡប់មកផ្ទះវិញ ឬបើស្លាប់ សូមឲ្យរកឃើញ សព។

ហេតុការណ៍បាត់ប្ដីនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីស្ត្រីជាប្រពន្ធ និងក្រុមគ្រួសារ បានស្វែងរកអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយ ដំណឹងដ៏សោកសៅនេះ ។

បុរសដែលបាត់ខ្លួន បន្សល់ទុកតែខ្មោចម៉ូតូកង់បី ត្រូវបានគេដុតបំផ្លាញនោះ ឈ្មោះ ថុន វិចិត្រ អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានប្រពន្ធឈ្មោះ ហ៊ឹម ម៉ាហ្សា មានលំនៅក្នុងបុរីចេនឡា ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា បុរសជាអ្នករត់ម៉ូតូកង់បីនេះ បានបាត់ខ្លួន នៅវេលាម៉ោង ប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយពុំអាចទាក់ទងបាន ខណៈពេលដែលគាត់បានចេញទៅរត់ម៉ូតូកង់៣ ប្រចាំនៅម្តុំផ្សារដីហុយ ។

តាមស្ត្រីជាប្រពន្ធ បានឲ្យដឹងថា ទម្លាប់ប្ដី ទោះរវល់យ៉ាងណា ក៏គាត់ផ្ញើ Sticker តបវិញដែរ តែនេះ ចូលមើលហើយ ស្ងាត់សូន្យ សង្ស័យថា អ្នកដែលកំពុងកាន់ទូរស័ព្ទនោះ មិនមែនជាប្ដីនាងឡើយ ។

បន្ទាប់ពីបាត់ខ្លួន ក្រុមគ្រួសារនិងសាច់ញាតិ បងប្អូន បានស្វែងរក ហើយទទួលដំណឹងថា ម៉ូតូកង់បី មួយគ្រឿង ត្រូវបានគេដុតកម្ទេចចោល កាលពីវេលារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក៏ចុះទៅមើល ទើបដឹងថា ម៉ូតូកង់បីនោះ ជាម៉ូតូកង់បីរបស់ប្ដី ។

តាមនគរបាលមូលដ្ឋានខណ្ឌព្រែកព្នៅ បានឲ្យដឹងថា សំណល់ម៉ូតូកង់បី ដែលត្រូវគេដុតចោលនោះ ត្រូវបានអ្នកនេសាទ ប្រទះឃើញកាលពីវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅដីវាលមួយកន្លែង ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ លុះក្រោយមក នៅវេលារសៀល ទើបដឹងដំណឹងដល់ក្រុមគ្រួសារ រួចមកដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយរកប្ដីរបស់ខ្លួន ដែលជាម្ចាស់កង់បី ។

សំណល់ម៉ូតូកង់បីដែលត្រូវគេដុតបំផ្លាញនោះ គេពុំឃើញមានម៉ាស៊ីន ដៃចង្កូត និងស្លាកលេខ ដែលគេសង្ស័យថា ត្រូវបានគេដោះចេញ មុនពេលដុតបំផ្លាញចោល ។ ទោះបីជាយ៉ាងណា គេពុំដឹងថា ម៉ូតូកង់បីនោះ ត្រូវបានម្ចាស់ដុតបំផ្លាញចោល ដោយខ្លួនឯង ឬត្រូវបានអ្នកផ្សេងដុតបំផ្លាញនោះឡើយ ។

ជុំវិញករណីនេះ សមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ ព្រមទាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ កំពុងស្រាវជ្រាវ ដើម្បីរកម្ចាស់កង់បី ដែលបានបាត់ខ្លួននោះ ។ ចំណែកស្ត្រីជាប្រពន្ធ តែងបង្ហោះសារតាមបណ្តាញសង្គម ហ្វេសប៊ុក បារម្ភពីប្តី និងបន់ឲ្យប្តីមានសុវត្ថិភាព វិលត្រឡប់មកផ្ទះវិញ ទោះប្តីមកក្នុងសភាពបែបណា​ក៏នាងព្រមទទួលយកទាំងអស់។

ជាក់ស្តែង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្ត្រីជាប្រពន្ធ ឈ្មោះ ហ៊ឹម ម៉ាហ្សា បានសរសេរក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនថា «រយៈពេល 4ថ្ងៃហើយដែលបាត់ប្ដី ស្ងាត់ឈឹង នៅតែរកបងមិនទាន់ឃើញដំណឹងអ្វីបន្តិចសោះ បងអើយ​! កូនយំដង្ហោយរកប៉ា ខ្លាំងណាស់​ អូនគិតម្ដងៗចង់តែឆ្កួតហើយបងអើយ​! កុំទុកឱ្យអូននិងកូន រស់នៅឯការបែបនេះអីបង​ មកដល់ពេលនេះមិនដឹងសុខទុក្ខប្ដីយ៉ាងម៉េចហើយទេ អូននឹកបងខ្លាំងណាស់ គិតម្ដងៗ ចង់ឆ្កួតហើយបង»…៕

RELATED ARTICLES