ភ្នំពេញ ៖ ពលរដ្ឋ ជាអតិថិជនដាក់លុយនៅធនាគារ ហួយវ័ន ផេ បានបន្តធ្វើបាតុកម្មតវ៉ាទាមទារឱ្យរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ បង្វិលលុយឱ្យពួកគាត់វិញ បន្ទាប់ពីខាងធនាគារ បានប្រកាសបិទសេវាកម្មបណ្តោះអាសន្ន កាលពីដើមឆ្នាំនេះ រហូតទទូលរងការបង្ក្រាបហិង្សាពីភ្នាក់ងារសន្តិសុខ រហូតមានអ្នកខ្លះរងរបួស និងខ្លះសន្លប់ នៅមុខធនាគារមួយនេះ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

យោងតាមសេចក្ដីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ អ្នកតវ៉ា សរុបចំនួនប្រមាណ ១២០នាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ានៅមុខធនាគារជាតិ ដើម្បីទាមទារសុំអន្តរាគមន៍ពីធនាគារជាតិ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សុំឱ្យធនាគារ ហួយ វ័ន ផេ ម.ក សងប្រាក់ដល់ពួកគាត់វិញ រហូតឈានដល់មានការប្រតាយប្រតប់ជាមួយនឹងប្រជាការពារខណ្ឌសែនសុខ បណ្ដាលឱ្យមានអ្នករងរបួសផងដែរ ។ ក្នុងចំណោមបាតុករទាំងនោះ ភាគច្រើនជាជនជាតិចិន រស់នៅក្នុងព្រះរា ជាណាចក្រកម្ពុជា ដែលទាមទារឲ្យជួយដោះស្រាយពាក់ព័ន្ធនឹងធនាគារ ហួយវ័ន ផេ Huione Pay Plc ដើម្បីដោះស្រាយយកលុយពួកគាត់មកវិញ ។

តាមប្រភពបានបញ្ជាក់ថា យ៉ាងហោចណាស់ ជនជាតិចិន ២នាក់ បានរងរបួសធ្ងន់រហូតសន្លប់ និងហូរឈាមស្រោចពេញក្បាល ខណៈជនជាតិខ្មែរ ២នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សាមួយ រវាងកម្លាំងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ជាមួយក្រុមអតិថិជន ហួយវ័ន ផេ ។ ការបង្ក្រាបដោយហិង្សានេះ បានកើតឡើង បន្ទាប់ពីក្រុមអតិថិជន ហួយវ័ន ផេ បានចេញតវ៉ាជាថ្មី រឿងបាត់លុយ ក្រោយពីធនាគារជាតិកម្ពុជា បានចេញសេចក្ដីប្រកាសថា ការទូទាត់សងប្រាក់ទៅអតិថិជន មិនស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិ កម្ពុជា ឡើយ ពីព្រោះក្រុមហ៊ុន ហួយវ័ន ផេ ត្រូវបានដកអាជ្ញាប័ណ្ណ និងលុបឈ្មោះចេញពីបញ្ជីពាណិ ជ្ជកម្ម តាំងពីខែមិថុនា ឆ្នាំ២០២៥ ។
គួររំលឹកថា កាលពីដើមឆ្នាំ២០២៦ អតិថិជន បានសម្រុកដកលុយចេញពីគណនី ហួយវ័ន ផេ (Huione Pay) ស្រាប់តែក្រុមហ៊ុន បានប្រកាសបិទសេវាកម្មបណ្តោះអាសន្ន បន្ទាប់ពីអតិថិជនជាច្រើន បានទៅការិយាល័យក្រុមហ៊ុន ហួយវ័ន ផេ ដកប្រាក់ចេញពីគណនី។ ក្រុមហ៊ុន បានចេញសេចក្ដីប្រកាសព័ត៌មាន និងបញ្ជាក់នៅ ពេលនោះថា ដើម្បីធានាសុវត្ថិភាពប្រាក់របស់អតិថិជន បន្ទាប់ពីការវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន ក្រុមហ៊ុន បានសម្រេចអនុវត្តវិធានការពន្យារការដកប្រាក់ ជាដំណាក់កាល។ ប៉ុន្តែក្រោយមក អតិថិជន ចាប់ផ្ដើមផ្ទុះការតវ៉ា និងបានបង្ហាញក្តីអស់សង្ឃឹម បន្ទាប់ពីធនាគារជាតិ នៃកម្ពុជា តម្រូវឱ្យអតិថិជនរងគ្រោះ ទាំងនោះ ស្វែងរកដំណោះស្រាយតាមផ្លូវតុលាការ ដោយខ្លួនឯង នៅពេលពួកគេស្វែងរកអន្តរាគមន៍ពីខាងធនាគារជាតិ ។ជាការកត់សម្គាល់ កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ អតិថិជនហួយវ័នផេ រាប់រយនាក់ (H.Pay) បានបន្តប្រមូលផ្តុំនៅមុខធនាគារជាតិ ដើម្បីទាមទារឱ្យក្រុមហ៊ុនសងប្រាក់ត្រឡប់វិញ។ ការតវ៉ារបស់អតិថិជន ហួយវ័នផេ ធ្វើឡើងបន្ទាប់ពីគ្រឹះស្ថានហិរញ្ញវត្ថុមួយនេះ ត្រូវបានធនាគារជាតិកម្ពុជា ដកហូតអាជ្ញាប័ណ្ណ តាំងពីខែកញ្ញា ឆ្នាំ២០២៤ តែអតិថិជនបានអះអាងថា ពួកគេនៅអាចធ្វើប្រតិបត្តិការដកសាច់ប្រាក់ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ក្រុមអ្នកតវ៉ា បានបន្តទាមទារឲ្យធនាគារជាតិកម្ពុជា ជួយរកដំណោះស្រាយក្នុងការទូទាត់ប្រាក់របស់ពួកគេ ពីក្រុមហ៊ុន ហួយវ័នផេ មកវិញ ដោយទាំងអតិថិជន ជាជនជាតិខ្មែរ និងជនជាតិចិន សុទ្ធតែបានបង្ហាញក្តីបារម្ភពីបញ្ហាដែលពួកគេពុំអាចដកប្រាក់ចេញពីគណនីហួយវ័ន ផេ បានឡើយ និងបានឱ្យដឹងពីហេតុផលស្រដៀងគ្នាថា ពួកគេពុំបានទទួលដំណឹងថា ធនាគារនេះ មានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ណាមួយឡើយ។ អ្វីដែលពួកគេចង់បានពេលនេះ គឺទាមទារឲ្យធនាគារជាតិកម្ពុជា រកដំណោះស្រាយសមស្របមួយ ដើម្បីអាចឲ្យពួកគេអាចទទួលបានសាច់ប្រាក់ ត្រឡប់មកវិញ ។
ក្រោយមានការតវ៉ាពីអតិថិជន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុនជម្រះបញ្ជី បានប្រកាសជាសាធារណៈ ជម្រាបដល់ម្ចាស់បំណុលទាំងអស់ របស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ដើម្បីផ្តល់ព័ត៌ មានពាក់ព័ន្ធផ្សេងៗនៅក្នុងរយៈពេល ៣០ថ្ងៃ តាមរយៈអាសយដ្ឋានស្ថិតនៅបុរីពិភពថ្មី ផ្សារដីហុយ ផ្ទះលេខ៤៦ ផ្លូវលេខ៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចំណែកធនាគារជាតិ នៃកម្ពុជា (NBC) នៅថ្ងៃទី២៤ មេសា ២០២៦ បានជួបពិភាក្សាជាមួយតំណាងបុគ្គលដែលអះអាងថា មានជាប់ពាក់ព័ន្ធជាមួយនឹងអតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ (HUIONE PAY) ១០រូប និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ១០រូប ដោយបានបញ្ជាក់ជូនអ្នកទាំងនោះថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ត្រូវបានដកហូតអាជ្ញាប័ណ្ណ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ និងបានតែងតាំងក្រុមហ៊ុនជម្រះបញ្ជី នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ។ ទន្ទឹមគ្នានេះ ធនាគារជាតិកម្ពុជា ថែមទាំងបានបញ្ជាក់ថា គ្រឹះស្ថានផុ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ត្រូវបានជម្រះបញ្ជីដោយក្រុមហ៊ុន រីចឆ៍ & ផាតនើរ ចប់ជាស្ថាពរ ស្របតាមនីតិវិធី កាលពីខែមិថុនា ឆ្នាំ២០២៥ ។
សេចក្ដីជូនដំណឹង របស់ធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្តីពីជំនួបពិភាក្សាជាមួយតំណាងបុគ្គលដែលអះអាងថា មានជាប់ពាក់ព័ន្ធនឹងអតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផ សឺវីស ម.ក នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ពីលទ្ធផលនៃការពិភាក្សាជាមួយអ្នកតំណាងនៅ ពេលនោះ ដូចខាងក្រោម ៖

១. ករណីអតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក ៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ជូនតំណាងទាំង ១០រូប ពីជំហរនិងកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកដំណោះស្រាយជូនបុគ្គលពាក់ព័ន្ធ។ សូមបញ្ជាក់ថា អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក ត្រូវបានបញ្ចប់ការជម្រះបញ្ជី និងដោះ ស្រាយជូនម្ចាស់បំណុលរួចរាល់ហើយ។ ទន្ទឹមនេះ អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក ក៏ត្រូវបានលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម តាមរយៈលិខិតលេខ ១០៨១ ព.ណ.ចបព ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្មផងដែរ។ ដូចនេះ រាល់ការអះអាងថា ជាម្ចាស់បំណុលរបស់អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក ក្រោយពេលដែលត្រូវបានដកអាជ្ញាប័ណ្ណនិងរំលាយ មិនស្ថិត ក្រោមសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជា ឡើយ។ ទោះយ៉ាងណា បុគ្គលដែលអះអាងនៅមានសិទ្ធិស្រប ច្បាប់ ក្នុងការស្វែងរកដំណោះស្រាយ តាមយន្តការតុលាការ និងច្បាប់ ជាធរមាន។
២. ករណីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផ សឺវីស ម.ក ៖ ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ជូនតំណាងទាំង ១០រូប ថាគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក ត្រូវបានដកហូតអាជ្ញាប័ណ្ណកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ និងបានតែងតាំងក្រុមហ៊ុនជម្រះបញ្ជី នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ជាមួយគ្នានេះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុនជម្រះបញ្ជី ក៏បានប្រកាសជាសាធារណៈ ជម្រាបដល់ម្ចាស់បំណុលទាំងអស់ របស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក ដើម្បីផ្ដល់ព័ត៌មានពាក់ ព័ន្ធផ្សេងៗ នៅក្នុងរយៈពេល ៣០ថ្ងៃ តាមរយៈអាសយដ្ឋានស្ថិតនៅបុរីពិភពថ្មី ផ្សារដីហុយ ផ្ទះលេខ៤៦ ផ្លូវលេខ៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា សូមស្នើឱ្យម្ចាស់បំណុលពាក់ព័ន្ធ បន្តចូលរួមសហការជាមួយក្រុមហ៊ុនជម្រះបញ្ជី។
សេចក្ដីជូនដំណឹងខាងលើ បញ្ជាក់បន្ថែមថា ទោះបីជាកិច្ចប្រជុំពិភាក្សា ត្រូវបានបញ្ចប់ និងបានជូនព័ត៌មានច្បាស់លាស់ក៏ដោយ ក៏បុគ្គលដែលពាក់ព័ន្ធនឹងអតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក ប្រមាណជា ២០០រូប នៅតែបន្តបង្កបាតុភាពនៅមុខអគារធនាគារជាតិនៃកម្ពុជា ខណ្ឌសែនសុខ។ អាស្រ័យហេតុនេះ ធនាគារជាតិនៃកម្ពុជា សូមអំពាវនាវដល់បុគ្គលពាក់ព័ន្ធ បន្តស្វងរកដំណោះស្រាយ ដោយសន្តិវិធី ។

គួររំឭកជូនថា កាលពីខែឧសភា ឆ្នាំ២០២៥ ហួយវ័ន ផេ ជាផ្នែកមួយ នៃក្រុមហ៊ុន ហួយវ័ន (Huione) ត្រូវបានក្រសួងសេដ្ឋកិច្ចអាមេរិក តាមរយៈបណ្តាញប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (FinCEN ) ស្នើឲ្យមានការអនុវត្តច្បាប់ រាំងខ្ទប់មិនឲ្យមានប្រតិបត្តិការនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ដោយចោទប្រកាន់ថា ក្រុមហ៊ុនមួយនេះ មានជាប់ពាក់ព័ន្ធនឹងការរកស៊ីក្នុងទីផ្សារអនឡាញខ្មៅងងឹត នៅតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការបោកបញ្ឆោតក្នុងទំនាក់ទំនងស្នេហា ការបោកប្រាស់ក្នុងគម្រោងវិនិយោគ ឬការចាប់ជំរិត ជាដើម…៕ កុលបុត្រ