ភ្នំពេញ ៖ បន្ទាប់ពីថ្មីៗនេះ មានករណីជិះកង់បី អស់ 3800រៀល តែច្រឡំបាញ់លុយដល់ទៅ 4000ដុល្លារ ហើយអ្នករត់កង់បី ឃើញលុយច្រើន យកទៅចាយ មិនព្រមបាញ់ឲ្យម្ចាស់វិញនោះ ពេលនេះ ធ្លាយករណីដូចគ្នានេះ មួយករណីទៀត គឺស្រ្តីជាជនជាតិចិន ម្នាក់ បានជិះកង់បី របស់បុរសជនជាតិខ្មែរ ម្នាក់ អស់ ៤៥០០រៀល ច្រឡំបាញ់ឲ្យ ៤៥០០ដុល្លារ តាំងពីខែមីនា ឆ្នាំ២០២៦ ម្ចាស់កង់បី បែរជាចង់ស៊ីដាច់ មិនព្រមប្រគល់ឲ្យជនរងគ្រោះវិញភ្លាមៗ រហូតដល់ជនរងគ្រោះស្វែងរកអន្តរាគមន៍ពីខាងអាជ្ញាធរមានសមត្ថកិច្ច និងបានផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ទើបម្ចាស់កង់បី ដឹងខ្លួន បានយកលុយនោះមកប្រគល់ឲ្យជនរងគ្រោះវិញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ថ្រីជនជាតិចិនម្នាក់ កាលពីវេលាម៉ោង ០៩:៣១នាទីយប់ ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៦ បានជិះម៉ូតូកង់បី របស់បុរសជនជាតិខ្មែរ ម្នាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ លុះដល់កន្លែងចុះ បុរសម្ចាស់កង់បី បានប្រាប់ទៅស្រ្តីអ្នកជិះថា អស់ចំនួន ៤៥០០រៀល (មើលតាមចំនួនគីឡូ) ។ ពេលនោះ ស្រ្តីជាភ្ញៀវ បានដកទូរស័ព្ទមកចុះបាញ់ប្រាក់ តាមប្រព័ន្ធធនាគារ ទៅគណនីធនាគាររបស់បុរសរត់កង់បី ក្នុងចំនួនទឹកប្រាក់ ៤៥០០រៀល ប៉ុន្តែដោយសារច្រឡំចំនួនលុយរៀល និងលុយដុល្លារ ក៏បាញ់ច្រឡំចំនួន 4500$ ហើយពេលបានដឹងថា បាញ់ច្រឡំ ខាងស្រ្តីជនជាតិ បានព្យាយាមទាក់ទងទៅបុរសកង់បី ដើម្បីសុំឲ្យបាញ់លុយនោះ ត្រឡប់មកកុងធនាគាររបស់គាត់វិញ ប៉ុន្តែនៅថ្ងៃនោះ អ្នករត់កង់បី បានបិទទូរស័ព្ទ និងបិទ App ឈប់ទទួលរត់កង់បី ។

ប្រភពបានឲ្យដឹងបន្តថា ក្រោយទាក់ទងទៅអ្នករត់កង់បី លែងបាន ស្រ្តីជនជាតិចិន បានរត់រកឲ្យជួយអន្តរា គមន៍ ដោយបានទៅធនាគារ ដើម្បីស្នើបង្កកលុយនោះ ប៉ុន្តែអ្នករត់កង់បីនោះ បានដកលុយចេញអស់ ហើយបានទៅដល់ក្រុមហ៊ុន App សុំឲ្យជួយផ្ដល់អត្តសញ្ញាណអ្នកបើកកង់បីនោះ មាន ឈ្មោះ សឿន គឹមហួរ ម្ចាស់កង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1LM-3516 ។ មិនតែប៉ុណ្ណោះ ស្រ្តីជនជាតិចិន នៅតែរង់ចាំដំណឹងពីអ្នករត់កង់បីនោះ ក្រែងឆ្លើយតបមកគាត់ ឬទាក់ទងមកណាត់គាត់ ដើម្បីយកលុយដែលគាត់បាញ់ច្រឡំ មកឲ្យគាត់វិញ តែចាំបាត់ៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ រហូតដល់រំលងផុត ២១ថ្ងៃ គឺនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ស្រ្តីជាជនជាតិចិន បានពឹងពាក់អ្នកសារព័ត៌មានអនឡាញ ឲ្យជួយផ្សាយផ្ទាល់ (Live) ពីរឿងរបស់គាត់ដែលបានបាញ់ច្រឡំ ៤៥០០ដុល្លារ ឲ្យអ្នករត់កង់បី ហើយត្រូវអ្នករត់កង់បី ស៊ីដាច់ មិនព្រមបាញ់ត្រឡប់មកឲ្យគាត់វិញ បើទោះបីគាត់ព្យាយាមទាក់ទងទៅសម្របសម្រួល តាំងពីថ្ងៃដឹងថាបាញ់ច្រឡំនោះភ្លាមៗក៏ដោយ ក៏មិនឆ្លើយតប ដែលធ្វើឲ្យគាត់គិតថា អ្នករត់កង់បី មានចេតនាស៊ីដាច់លុយរបស់គាត់ ហើយធ្វើឲ្យគាត់ព្រួយបារម្ភពីលុយរបស់គាត់ណាស់ ព្រោះជាលុយញើសដែលខំរកទាំងលំបាក ។

ក្រោយករណីខាងលើនេះ ត្រូវបានផ្សព្វផ្សាយលើបណ្ដាញព័ត៌មាន ស្រាប់តែមកដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០ ២៦ អ្នករត់កង់បី ដឹងខ្លួនថា ពិបាកលេបលុយរបស់ជនរងគ្រោះ ក៏បានស្កាត់មកជួប និងបានបាញ់លុយដែលច្រឡំនោះ ឲ្យទៅជនរងគ្រោះដែលជាជនជាតិចិន នោះវិញ 4500$ គ្រប់ចំនួន ។

នេះជាមេរៀនមួយ រំលឹកដល់អ្នករត់កង់បីផ្សេងៗទៀត សូមប្រកាន់ភាពសុចរិត ស្មោះត្រង់ កុំលោភលន់ចង់បានរបស់គេ ព្រោះជាលុយក្តៅក្រហាយ ដែលអាចពាក់ព័ន្ធនឹងផ្លូវច្បាប់ មានទោសទណ្ឌទៀតផង…៕