ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនជាតិចិន ៤៧៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាទៅស្រុកវិញ។


អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី៥ និងទី៦ ខែមិថុនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រ សួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើប អង្កេតនិងអនុវត្តនីតិវិធី បានសហការជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា ធ្វើការបណ្តេញជនជាតិចិន សរុបចំនួន៤៧៩នាក់ ស្រី១៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់ នៅធ្វើការងារខុសច្បាប់ ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន ៣០៦នាក់ (ស្រី៧នាក់) ត្រូវបានបណ្តេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រក ទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចំណែកចំនួន១៧៣នាក់ (ស្រី៩នាក់) ទៀត ត្រូវបានបណ្តេញចេញ តាមយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។


អគ្គនាយកដ្ឋានអន្តោប្រវេស បានឲ្យដឹងទៀតថា ការបណ្តេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុត របស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោកដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជា ការជួយសង្គ្រោះដល់ជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណា មួយ ឲ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕


