Wednesday, June 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកនេសាទ លិចទូក ស្លាប់២នាក់ពូក្មួយ

អ្នកនេសាទ លិចទូក ស្លាប់២នាក់ពូក្មួយ

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋខ្មែរអ៊ិស្លាម ចំនួន២នាក់ ​ពូនិងក្មួយ ជាអ្នកនេសាទត្រី  ត្រូវបានខ្យល់បោកបក់ ក្រឡាប់លិចទូក កណ្ដាលទន្លេ បណ្តាលឲ្យលង់ទឹកស្លាប់ ទាំង២នាក់ ខណៈជនរងគ្រោះ កំពុងជិះទូក រាយមង។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២:៤០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចដៃទន្លេ ស្ដីដកគង ស្ថិតក្នុងភូមិកំពង់ហាវ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជនរងគ្រោះ ទាំង២ នាក់ មានឈ្មោះ ទីន ណាន អាយុ ២៦ឆ្នាំ ត្រូវជាឪពុកមា និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ ភ្លី អាប់ឌុលរ៉ម៉ាន អាយុ ១៥ឆ្នាំ ត្រូវជាក្មួយ។ ជនរងគ្រោះ ទាំងពីរនាក់ មានលំនៅ ភូមិទី៤ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សាច់ញាតិជនរងគ្រោះ ទាំង២នាក់ខាងលើ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ ទាំង២នាក់ ពូនិងក្មួយ រួមទាំងប្រជាពលរដ្ឋរស់នៅក្នុងភូមិជាមួយគ្នា បានចេញទូក ទៅនេសាទត្រី ដោយរាយមង ដូចសព្វមួយដង។ មុនពេលកើតហេតុ ទូកជនរងគ្រោះ និងទូកអ្នកភូមិ ១គ្រឿងទៀត បានរាយមងនៅកណ្ដាលទន្លេ ស្របពេលនោះ មេឃងងឹត និងមានខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំង ឃើញដូច្នេះទូករបស់ប្រជាពលរដ្ឋ ១គ្រឿងទៀត ដែលមានកូនតូច បានអុំទូក ទៅរកច្រាំងទន្លេ ដើម្បីការពារសុវត្ថិភាព។

ចំណែកទូកជនរងគ្រោះ កំពុងធ្វើដំណើររកទីច្រាំង ដើម្បីការពារសុវត្ថិភាព តែខណៈនោះខ្យល់បានបក់បោកយ៉ាងគំហុក បណ្ដាលឲ្យទូកជនរងគ្រោះ ទាំងពីរនាក់ ឪពុកមានិងក្មួយ ត្រូវបានក្រឡាប់លិចតែម្ដង។

ឃើញដូចនេះ ទូក ១គ្រឿងទៀត ដែលបានយកកូននិងប្រពន្ធ ទៅទុកនៅច្រាំងទន្លេមុន ខំចេញទូកទៅជួយសង្គ្រោះដែរ តែមិនអាចជួយបានទាន់ពេលវេលា។

ប្រភពដដែល បានបន្តថា ខណៈនោះ មានប្រជាពលរដ្ឋ ជាអ្នកនេសាទត្រី ជាមួយគ្នា បានទំនាក់ទំនងមកបងប្អូននៅឯភូមិ ដើម្បីជួយសង្គ្រោះ តែការរុករក គឺតាំងពីនៅភ្លឺ រហូតពេញមួយយប់ នៅតែរកមិនឃើញរហូត ដល់នៅវេលាម៉ោង ៩:៤៥នាទី ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ទើបរកឃើញសពទាំង២នាក់ពូនិងក្មួយ។

លោក សៀង ប៊ុនសាន អធិការនគរបាលស្រុកកំពង់លែង បានបញ្ជាក់ថា ករណីអ្នកនេសាទខ្មែរអ៊ិស្លាម ស្លាប់២នាក់ នៅចំណុចទន្លេ ស្ថិតក្នុងភូមិកំពង់ហាវ ឃុំកំពង់ហាវ ស្រុកកំពង់លែង ឆ្លងតាមការពិនិត្យនិងធ្វើកោសល្យវិច័យ របស់មន្ត្រីបច្ចេកទេស ឃើញថា សពបុរសទាំង២នាក់នេះ គឺពិតជាស្លាប់ដោយសារលិចទូក លង់ទឹកប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES