ភ្នំពេញ ៖ បុរសម្នាក់បានឡើងទៅលើដើមត្នោតប៉ងលោតសម្លាប់ខ្លួន តែមិនបានសម្រេច ព្រោះមានអ្នកជួយទាន់ បន្ទាប់មកស្រាប់តែទាញកាំបិតប៉័ងតោ ចំនួន២ដើម ដើរអុកឡុកគំរាមដេញកាប់អ្នកផ្ទះ និងអ្នកជិតខាង ធ្វើឱ្យម្នាក់ៗភ័យស្លន់ស្លោ រត់គេចទាំងព្រលឹងចុងសក់ លុះក្រោយមកដោយទ្រាំនឹងទង្វើឃោរឃៅរបស់ជនកំណាចរូបនេះលែងបាន ក៏មានការរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះជួយអន្តរាគមន៍ និងចំណាយពេលយ៉ាងយូរ ទម្រាំចាប់ខ្លួនជនសង្ស័យបាន។

ហេតុការណ៍ខាងលើ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង តាំងពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង៤រសៀលថ្ងៃដដែល ទើបរឿងរ៉ាវបានស្ងប់ស្ងាត់ បន្ទាប់ពីសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនបង្កបាន។

ជនបង្កហេតុ ដែលកាន់កាំបិតប៉័ងតោ២ដើមអុកឡុកពេញភូមិនេះ មានឈ្មោះម៉ាច ចំរើន អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនទៀតផង មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនបង្កខាងលើ គឺជាមនុស្សញៀនថ្នាំ តែងប្រើប្រាស់គ្រឿងញៀនជាប់ជាប្រចាំ ហើយនៅពេលបែកថ្នាំម្តងៗ តែងបង្កការអុកឡុករករឿងអ្នកផ្ទះ រហូតដល់ធ្លាប់ប្រើហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងវាយអ្នកផ្ទះឱ្យរងរបួសជាញឹកញាប់ដែរ តែអ្នកផ្ទះមិនដែលប្តឹងផ្តល់អ្វីឡើយ។ មិនតែប៉ុណ្ណោះ ជននេះមានចរិតកោងកាច ឃោរឃៅខ្លាំងណាស់ មិនត្រឹមតែរករឿងអុកឡុកក្នុងផ្ទះខ្លួនឯងប៉ុណ្ណោះទៅ នៅបានដើរអុកឡុកពេញភូមិទៀតផង ធ្វើឱ្យអ្នកភូមិខ្លាចរអាគ្រប់គ្នា។

ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ជនបង្កមិនដឹងជាទើបត្រឡប់មកពីជក់ថ្នាំញៀននៅឯណាទេ ក៏បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឡើងទៅលើដើមត្នោត ប៉ងលោតសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវបានអាជ្ញាធរមូលដ្ឋានបានព្រមទាំងបងប្អូនបានលួងលោមឱ្យចុះមកវិញ។ លុះគ្រាន់តែចុះពីលើដើមត្នោតត្រឡប់ចូលដល់ផ្ទះភ្លាម ជននេះក៏បង្ករឿងពេញផ្ទះ រួចក៏ចូលទៅក្នុងផ្ទះបាយទាញកាំបិតប៉័ងតោចំនួន២ដើម យកមកកាន់ជាប់ដៃទាំងសងខាង គំរាមដេញកាប់អ្នកផ្ទះ ធ្វើឱ្យគ្រប់គ្នាភ័យស្លន់ស្លោ រត់ចេញពីផ្ទះបាត់ស្រមោលអស់។ មិនត្រឹមតែអុកឡុកអ្នកផ្ទះទេ ជនបង្ករូបនេះនៅថែមទាំងបានគំរាមដេញកាប់អ្នកជិតខាងទៀតផង ធ្វើឱ្យអ្នកជិតខាង នាំកូនជញ្ជូនចៅរត់ចេញពីផ្ទះអស់ មិនហ៊ានចូលផ្ទះនោះទេ។

ប្រភពខាងលើ បានបញ្ជាក់ថា ដោយសារតែអត់ទ្រាំនឹងទង្វើឃោរឃៅរបស់ជនកំណាចរូបនេះលែងបាន ទើបប្រជាពលរដ្ឋបានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចត្ចែម្តង។ លុះសមត្ថកិច្ចចុះមកដល់ ក៏មិនទាន់អាចចូលឃាត់ខ្លួនជនបង្កបានភ្លាមៗដែរ ដោយសារតែជនបង្កកាន់កាំបិតប៉័ងតោក្នុងដៃទាំងសងខាងជាប់ មិនព្រមទម្លាក់ចុះសោះ ព្រមទាំងស្រែកគំរាមកាប់អ្នកណាដែលចង់ចូលទៅក្បែររូបគេទៀតផង។

ទីបំផុត បន្ទាប់ពីចំណាយពេលវេលាលួងលោមជនបង្កយ៉ាងយូរ ទើបជនបង្កទន់ចិត្តព្រមដាក់កាំបិតចុះ និងត្រូវសមត្ថកិច្ចចុះចូលចាប់ ឃាត់ខ្លួនវាយខ្នោះជនបង្ក នាំយកទៅសាកសួរ និងរៀបចំសាងសំណុំរឿងបញ្ជូនបន្ត ដើម្បីចាត់ការតាមនិតិវិធី៕
