Monday, November 10, 2025
Homeព័ត៌មានជាតិ"ប្រពន្ធអូនលំបាកហើយ" ប្តីរវល់ធ្វើចម្ការ ប្រពន្ធនៅផ្ទះ ផឹកស្រារហូតស្លាប់

“ប្រពន្ធអូនលំបាកហើយ” ប្តីរវល់ធ្វើចម្ការ ប្រពន្ធនៅផ្ទះ ផឹកស្រារហូតស្លាប់

ខេត្តរតនគិរី ៖ ស្ត្រីម្នាក់តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ និងមិនសូវហូបបាយទឹកសោះឡើយ លុះឆ្លៀតពេលប្តីរវល់ចេញទៅធ្វើចម្ការបាត់ ក៏អង្គុយផឹកស្រាតែម្នាក់ឯង រហូតដល់ស្រវឹងជោកជាំ ប្រះខ្លួនដេកនៅលើផ្ទះ ក៏កើតអាការៈខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។

សាកសពស្ត្រីរងគ្រោះខាងលើ មានឈ្មោះសាអ៊ួយ កាវ៉ីង អាយុ៤០ឆ្នាំ ជាជនជាតិដើមភាគតិចគ្រឹង មុខរបរកសិករ មានប្តីឈ្មោះកាវ៉ាក ព្រីង អាយុ៧០ឆ្នាំ ជាជនជាតិដើមភាគតិចគ្រឹង មុខរបរកសិករ និងមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់គឺជាមនុស្សប្រមឹក តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ ហើយឱ្យតែបានជាតិស្រាចូលពោះ មិនព្រមហូបបាយទឹកដាច់ខាត ទោះជាគាត់ជាប្តីព្យាយាមអង្វរលួងលោមឱ្យកាត់បន្ថយខ្លះយ៉ាងណា ក៏ប្រពន្ធមិនព្រមស្តាប់សោះ នៅតែបន្តផឹកស្រវឹងអួទីនួរាល់ថ្ងៃ ធ្វើឱ្យគាត់មិនដឹងធ្វើយ៉ាងម៉េច ចេះតែបណ្តោយឱ្យតាមដំណើរទៅ។

បុរសជាប្តី បន្តថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ២០១៨ គាត់បានចេញទៅធ្វើស្រែចម្ការដូចសព្វដង ដោយទុកឱ្យប្រពន្ធនៅចាំផ្ទះតែម្នាក់ឯង។ លុះមកដល់វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល ពេលដែលគាត់ត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែប្រទះឃើញប្រពន្ធដេកស្តូកស្តូងឹនៅលើផ្ទះ នឹកស្មានថាប្រពន្ធស្រវឹង ក៏ដើរទៅដាស់ តែមិនឮសូរឆ្លើយ ក៏យកដៃទៅអង្រួន ទើបដឹងថា ប្រពន្ធបានស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

បន្ទាប់ពីចុះពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ៕

RELATED ARTICLES