Monday, November 10, 2025
Homeព័ត៌មានជាតិឲ្យប្តីរស់នៅរំពឹងលើអ្វី បើអូននាំកូនចាកចោលគ្មានអាល័យបែបនេះ

ឲ្យប្តីរស់នៅរំពឹងលើអ្វី បើអូននាំកូនចាកចោលគ្មានអាល័យបែបនេះ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ព្រោះតែខូចចិត្តនឹងរឿងប្រពន្ធនាំកូនចុះចោលផ្ទះ ក៏ដើរទៅផឹកស្រាស្រវឹង រហូតដល់បែកគំនិតគិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចដើមកន្ទួតក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច។

បុរសខូចចិត្តប្រពន្ធនាំកូនរត់ចោល រហូតដល់គិតខ្លីចងកបញ្ចប់ជីវិតនេះ មានឈ្មោះញ៉េន ហ៊ែល អាយុ៥៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីអ្នកជិតខាង បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានកើតមានជំងឺប្រចាំកាយរាប់ឆ្នាំមកហើយ និងត្រូវបានប្រពន្ធកូនយកចិត្តទុកដាក់មើលថែដែរ ប៉ុន្តែជនរងគ្រោះគឺជាមនុស្សនិយាយច្រើន ចូលចិត្តរករឿងជេរស្តីបន្ទោសប្រពន្ធ ធ្វើឱ្យជីវិតរស់នៅមិនសូវចុះសម្រុងនឹងគ្នាទេ  ចេះតែកើតរឿងរកាំរកូសមិនឈប់ រហូតដល់ចុងក្រោយស្ត្រីជាប្រពន្ធ ទ្រាំរួមរស់នឹងប្តីលែងបាន ក៏នាំកូនចុះចោលផ្ទះបាត់ ដោយប្រាប់ប្តីថា នាំកូនទៅលេងស្រុកកំណើតឯខេត្តកំពត រួចក៏ចាកចេញអស់ជាច្រើនថ្ងៃមកហើយ នៅមិនទាន់ត្រឡប់មកវិញទេ។

ប្រភពដដែលបន្តថា ក្រោយពីប្រពន្ធកូនចាកចេញអស់ទៅ បុរសជាប្តីក៏ចាប់ផ្តើមតូចចិត្តតូចថ្លើម រហូតដល់ដើរផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ទីបំផុត ក៏ដាច់ចិត្តគិតខ្លីឡើងទៅចងកសម្លាប់ខ្លួនលើដើមកន្ទួតក្បែរផ្ទះ រហូតដល់ព្រឹកឡើង ទើបមានអ្នកប្រទះឃើញ និងផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះតូចចិត្តនឹងរឿងប្រពន្ធនាំកូនចុះចោលផ្ទះ។

សាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES