រតនគិរី៖ កាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ មានករណីហិង្សាមួយបានកើតឡើងរវាងអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន ដូចគ្នា ក្រោយពីផឹកសុីស្រវឹងវាយកាប់ចាក់គ្នាយ៉ាងសាហាវនៅចំណុចម្ដុំផ្សាររាត្រី ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ អោ ឧត្ដម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសាព័ត៌មាន “តាដំបងគ្រញូង” រងរបួសធ្ងន់ ចំណែកជនបង្កឈ្មោះ ណាត ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកសារព័ត៌មាន “ចក្រភពព័ត៌មាន”។

តាមប្រភពព័ត៌មានបានឲ្យដឹងថា គេបានឃើញអ្នកសារព័ត៌មាន២នាក់ខាងលើ បានផឹកសុីជាមួយគ្នា សើចក្អាកក្អាយ ក្រោយមកស្រាប់តែមានទំនាស់ពាក្យសម្តីកើតឡើង រហូតក្លាយជាទំនាស់ វាយកាប់ចាក់គ្នាយ៉ាងសាហាវ អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះចូលប៉ុស្ដិ៍។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅនៅអធិការក្រុង ដើម្បីសួរនាំ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត៕
