ខេត្តស្វាយរៀង ៖ បុរសវ័យចំណាស់ម្នាក់ បានចេញទៅផឹកស្រាជាមួយមិត្តភក្តិ រហូតដល់ស្រវឹងធ្លាក់ភ្នែក ត្រឡប់មកដល់ផ្ទះវិញ ក៏រករឿងអុកឡុកអ្នកផ្ទះ ជេរស្តីប្រពន្ធកូនគ្មានបណ្តាក់មាត់ ជាហេតុធ្វើឱ្យកូនប្រុសផ្ទុះកំហឹង ក៏ស្ទុះទៅទាញកាំបិតផ្គាក់កាប់ប្រហារឪពុកបង្កើតខ្លួនឯង ចំនួន៣កាំបិត បណ្តាលឱ្យដាច់កស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់ រួចក៏លីកាំបិតរត់គេចខ្លួនបាត់ស្រមោល។

ករណីឃាតកម្មដ៏សាហាវឃោរឃៅ កូនប្រុសទាញកាំបិតកាប់ឪបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង១០នាទីព្រលប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប។
ជនដៃដល់ជាឃាតករ ដែលកាប់ឪពុកដាច់កស្លាប់គួរឱ្យរន្ធត់នេះ មានឈ្មោះផល ឆាយយ៉ា អាយុ២៥ឆ្នាំ មុខរបរកសិករ (កំពុងរត់គេចខ្លួន)។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះសុខ មន អាយុ៥៥ឆ្នាំ មុខរបរកសិករ។ ទាំង២នាក់ឪពុកកូនខាងលើ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះត្រូវជនដៃដល់ជាកូនប្រុសកាប់ប្រហារចំនួន៣កាំបិត ចំដើមទ្រូង១កាំបិត ចំស្មាខាងឆ្វេង១កាំបិត និងចំបំពង់ក១កាំបិត បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ រួចប្រគល់ទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក ជនដៃដល់ជាឃាតករដែលត្រូវជាកូនប្រុសបង្កើតរបស់ជនរងគ្រោះ សមត្ថកិច្ចកំពុងធ្វើការតាមស្រាវជ្រាវរកមុខសញ្ញា ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕