ភ្នំពេញ ៖ យុវជន៣នាក់ បាននាំគ្នាទៅផឹកស៊ីនៅក្នុងហាងមួយកន្លែង លុះចាប់ផ្តើមស្រវឹងស្រឿងៗ ក៏មានជនសង្ស័យ៣នាក់ ប្រើល្បិចធ្វើជាមកជល់កែវ សុំស្គាល់ រួចក៏ផឹកជុំគ្នាមួយសន្ទុះ ស្រាប់តែស្រវឹងលែងដឹងខ្លួន និងត្រូវក្រុមជនសង្ស័យបាននាំគ្នាលួចយកកាបូបលុយ ទូរស័ព្ទដៃ គ្រឿងអលង្ការ និងម៉ូតូ រួចគេចខ្លួនបាត់អស់។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចហាងផឹកស៊ីមួយចំនួន ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ រហូតមកដល់វេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ក្រុមជនរងគ្រោះបានធ្វើដំណើរទៅកាន់ប៉ុស្តិ៍ចោមចៅ៣ ដើម្បីដាក់ពាក្យបណ្តឹង ដោយអះអាងថា ត្រូវជនសង្ស័យដាក់ថ្នាំ យកទ្រព្យសម្បត្តិខាងលើ ប៉ុន្តែខណៈនោះ នគរបាលប៉ុស្តិ៍ចោមចៅ៣ បានប្រាប់ឱ្យយុវជននេះទៅប្តឹងនៅនគរបាលប៉ុស្តិ៍ចោមចៅ១ វិញ ព្រោះកើតហេតុនៅទីនោះ។

យុវជនរងគ្រោះ មានឈ្មោះធី ដារ៉ូ អាយុ១៨ឆ្នាំ មុខរបរកម្មករក្រុមហ៊ុននបង្គោលភ្លើង ស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិស្វាយអណ្តូង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកទ្រព្យសម្បត្តិដែលបាត់បង់ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AT-4618 មួយគ្រឿង កាបូបដៃ១ មានលុយចំនួន៧ម៉ឺនរៀល ទូរស័ព្ទ១គ្រឿង អត្តសញ្ញាណប័ណ្ណ កាតគ្រីម៉ូតូ ខ្សែដៃប្លាទីន១ខ្សែ ចិញ្ចៀន១វង់។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេមានគ្នា៣នាក់ បាននាំគ្នាទៅផឹកស៊ីនៅចំណុចកើតហេតុខាងលើ ហើយក៏បានជួបនិងជនសង្ស័យចំនួន៣នាក់ដែរ។ តាមពិតពួកគេមិនដែលធ្លាប់ស្គាល់គ្នាពីមុនមកឡើយ ស្រាប់តែពេលដែលកំពុងផឹកស៊ីបានមួយសន្ទុះ ក្រុមជនសង្ស័យទាំង៣នាក់ បាននាំគ្នាដើរមកជល់កែវ សុំស្គាល់រាប់អានគ្នាជាមួយពួកខ្លួន ចំណែកពួកខ្លួនក៏បានជល់កែវវិញ និងបាននិយាយរាប់អានគ្នា ព្រមទាំងផឹកស៊ីជល់កែវគ្នាទៅវិញទៅមក ហើយជនទាំងនោះបានចាប់ដៃខ្លួននិងមិត្តភក្តិ បន្ទាប់មកពួកខ្លួនក៏លែងដឹងខ្លួនតែម្តង លុះក្រោយមកទើបដឹងថា ជនសង្ស័យ៣នាក់នោះយកម៉ូតូ និងទ្រព្យសម្បត្តិគេចខ្លួនបាត់ ដោយខ្លួនបាត់សម្ភារៈខាងលើ ចំណែកមិត្តភក្តិរបស់ខ្លួនម្នាក ឈ្មោ់ម៉ូះវ បាត់ទូរស័ព្ទដៃ១គ្រឿង តម្លៃ៧០០ដុល្លារ។ ដោយឡែកមិត្តភក្តិម្នាក់ទៀតបានចាកចេញទៅមុន តាំងពីពេលទើបផឹកបានបន្តិចម៉្លេះ ដោយសារតែប្រពន្ធហៅឱ្យត្រឡប់ទៅផ្ទះ ទើបមិនមានការបាត់បង់ទ្រព្យសម្បត្តិ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមវែកមុខក្រុមជនសង្ស័យ ដើម្បីនាំយកមកចាត់ការតាមច្បាប់៕
