Sunday, November 9, 2025
Homeព័ត៌មានជាតិខារ៉ាអូខេផ្លូវ២០០៤ នារីខារ៉ាអូខេវាយគ្នារយះមុខ ដណ្តើមភ្ញៀវ

ខារ៉ាអូខេផ្លូវ២០០៤ នារីខារ៉ាអូខេវាយគ្នារយះមុខ ដណ្តើមភ្ញៀវ

ភ្នំពេញ ៖ នារីខារ៉ាអូខេ២នាក់ បានកើតមានទំនាស់ផលប្រយោជន៍ រឿងដណ្តើមភ្ញៀវគ្នា រហូតឈានដល់ជម្លោះតឹងសរសៃកដាក់គ្នា ធ្វើឱ្យភាគីម្ខាងទប់ចិត្តមិនបាន ក៏ស្ទុះមកវាយតប់ប្រើក្រចកខ្វាចមុខគូទំនាស់ បណ្តាលឱ្យរយះផ្ទៃមុខរងរបួសស្នាម ផ្អើលដល់សមត្ថកិច្ចហៅចូលប៉ុស្តិ៍ ដើម្បីសួរនាំនិងអប់រំ។

ករណីនារីខារ៉ាអូខេផ្ទុះជំលោះផលប្រយោជន៍ ឈានដល់អំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចហាងខារ៉ាអូខេ យីហោ “តន្ត្រីឫស្សីមាស” ស្ថិតនៅតាមផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង២រសៀល ថ្ងៃទី២៥ ខែកក្កដា ទើបជនរងគ្រោះប្តឹងនគរបាលឱ្យជួយរកយុត្តិធម៌។

តាមសម្តីនារីរងគ្រោះ ដែលមានស្នាមក្រចកខ្វាចលើផ្ទៃមុខចំនួន២ឆ្នូត បានឱ្យដឹងទាំងសុំមិនបញ្ចោញឈ្មោះថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នាង និងនារីបង្កបានទាស់ពាក្យសម្តីនឹងគ្នា ពីរឿងដណ្តើមគ្នាចាក់ស្រាជូនភ្ញៀវ ហើយត្រូវបានថៅកែហាងហៅមកសម្របសម្រួល ព្រោះសុទ្ធតែជាអ្នករួមការងារក្នុងហាងជាមួយគ្នា។ ពេលនោះគ្រាន់តែថៅកែហាងហៅគាត់ និងភាគីម្ខាងទៀតមកអង្គុយមិនទាន់បាននិយាយស្តីអ្វីផង ស្រាប់តែនារីបង្កបានលោតហក់មកខ្វាច និងក្រញៅមុខរបស់នាង បណ្តាលឱ្យមុតស្នាមក្រចកលើផ្ទៃមុខ ទាំងនៅចំពោះមុខថៅកែហាងតែម្តង។

នារីរងគ្រោះ បានបន្តថា ភ្លាមៗនោះ ទោះបីជាថៅកែហាមឃាត់នារីបង្ក ក៏នាងមិនស្តាប់ រហូតដល់រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នាងក៏សម្រេចប្តឹងនគរបាលឱ្យជួយរកយុត្តិធម៌តែម្តង។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាប១ បានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះភ្លាម សមត្ថកិច្ចប៉ុស្តិ៍បានចុះទៅហៅនារីបង្ក និងនារីរងគ្រោះ មកសាកសួរ និងសម្របសម្រួលគ្នា ព្រមទាំងអប់រំណែនាំ ទើបនារីបង្កសុខចិត្តចេញថ្លៃព្យាបាលរបួសឱ្យនារីរងគ្រោះ ចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿង។

តាមប្រភពពីអ្នករួមការងារក្នុងហាងខារ៉ាអូខេខាងលើ បានបង្ហើបប្រាប់ថា ភាគីជម្លោះទាំងសងខាងនេះ ម្នាក់ៗសុទ្ធតែខ្លាំងរៀងៗខ្លួន ព្រោះពេលភ្ញៀវគិតលុយម្តងៗ តែងឱ្យលុយធីបច្រើនគួរសម ហេតុនេះទើបម្នាក់ៗចូលចិត្តមកក្បែរ ដោយមិនចេះយោគយល់គ្នាឡើយ៕

RELATED ARTICLES