ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះម្នាក់បានសម្រេច ប៉ុន្តែត្រូវប្រជាពលរដ្ឋស្រែកឆោឡោ ប្រដេញតាមជាមួយសមត្ថកិច្ច រហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែក២នាក់ទៀត ភ័យពេកលោតចូលប្រឡាយទឹកគេចខ្លួនបាត់ស្រមោល។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង២៨នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្រោយផ្សារទំនើបអ៊ីអន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យចំនួន៣នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច តែសំណាងមិនល្អ រត់គេចខ្លួនមិនទាន់ ដោយសារតែត្រូវប្រជាពលរដ្ឋស្រែកឆោឡោ ប្រដេញតាមផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ព័ទ្ធចាប់ ធ្វើឱ្យក្រុមជនសង្ស័យភ័យខ្លួន ក៏ផ្តួលម៉ូតូចោល ដើម្បីរត់គេចខ្លួន។

ប្រភពដដែលបន្តថា ភ្លាមនោះ សមត្ថកិច្ចបានតាមចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកបក្ខពួកជនសង្ស័យ២នាក់ទៀត បាននាំគ្នាស្ទុះលោតចូលប្រឡាយទឹក គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរនាំ នៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅចាត់ការបន្តតាមនីតិវិធី៕
