Sunday, November 9, 2025
Homeព័ត៌មានជាតិបាត់ឪរហូតដល់ថ្ងៃរសៀល កូនចៅននាំគ្នាទៅមើល ភ្ញាក់ផ្អើលគ្រប់គ្នា

បាត់ឪរហូតដល់ថ្ងៃរសៀល កូនចៅននាំគ្នាទៅមើល ភ្ញាក់ផ្អើលគ្រប់គ្នា

ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ បានទៅដេកចាំចម្ការរបស់ខ្លួនដូចសព្វដង លុះព្រឹកឡើង មិនឃើញក្រោកត្រឡប់មកផ្ទះវិញ កូនចៅក៏នាំគ្នាតាមទៅមើល លុះទៅដល់ស្រាប់តែប្រទះឃើញថា បុរសរងគ្រោះដេកស្លាប់រឹងស្តូកទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខ្ទមចាំចម្ការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

បុរសរងគ្រោះដែលដេកស្លាប់ក្នុងខ្ទមចាំចម្ការ មានឈ្មោះមាស សារ៉េត អាយុ៦៤ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីនារីឈ្មោះមាស ម៉ាឡា អាយុ២៦ឆ្នាំ ត្រូវជាកូនស្រីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ឪពុករបស់នាងបានដើរចេញពីផ្ទះ ទៅដេកចាំចម្ការនៅចំណុចទីតាំងកើតហេតុខាងលើដូចសព្វដង។ លុះស្អែកឡើង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ មកដល់វេលាម៉ោង១រសៀលទៅហើយ នៅតែមិនទាន់ឃើញឪពុកត្រឡប់មកផ្ទះវិញទៀត ទើបធ្វើឱ្យក្រុមគ្រួសារ មានការសង្ស័យ ក៏ដើរតាមទៅមើលឪពុក លុះទៅដល់ ឃើញឪពុកកំពុងដេកស្តូកស្តឹងក្នុងខ្ទមចាំចម្ការដល់ពេលចូលទៅអង្រួន ដាស់ទើបដឹងថា ឪពុកបានស្លាប់រឹងស្តូកបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការជាមួយផ្នែកជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យប្រចាំឃុំ និងក្រុមគ្រួសារ បានចុះពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES