ខេត្តក្រចេះ ៖ បុរសម្នាក់បានរៀបចំប្រក់ក្រោលគោនៅខាងក្រោយផ្ទះរបស់ខ្លួន ទាំងមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំនឹងផ្គររន្ទះផង ស្រាប់តែអកុសល ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវែលាម៉ោង២រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។

បុរសរងគ្រោះ ដែលត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់ មានឈ្មោះជុំ ភារុណ អាយុ៣៦ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុនៅក្នុងមូលដ្ឋានខាងលើ មានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំនឹងខ្យល់បក់បោក ព្រមទាំងផ្គររន្ទះទៀតផង។ លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែលាន់ឮសំឡេងរន្ទះបាញ់យ៉ាងកក្រើក ចេញពីខាងក្រោយឱ្យផ្ទះរបស់ជនរងគ្រោះ កន្លែងដែលជនរងគ្រោះកំពុងប្រក់ក្រោលគោក ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ រួមនឹងអ្នកជិតខាងប្រញាប់នាំគ្នាទៅមើល ស្រាប់តែទៅដល់ប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ និងបានពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
