ភ្នំពេញ ៖ ប្អូនប្រុសបង្កើតរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោកស ថេង អនុរដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាពដោយរោគាពាធនៅឯប្រទេសចិន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្របពេលដែលប្រទេសកម្ពុជា កំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។

លោកស ថេង បានទទួលមរណភាព នៅវេលាម៉ោង១០និង៣៩នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
យោងតាមសេចក្តីជូនដំណឹងរបស់សម្តេច ស ខេង ចេញផ្សាយ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

ខ្ញុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា សូមទូលថ្វាយ និងជម្រាបជូនដំណឹងសម្តេច ឯកឧត្តម អ្នកឧញ៉ា លោកឧញ៉ា លោកជំទាវ លោក លោកស្រី និងសាធារណជន សូមមេត្តាជ្រាបថា ឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវជាប្អូនបង្កើតយើងខ្ញុំ បានទទួលមរណភាព នៅថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០ៈ៣៩នាទី ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធឱ។
សពឯកឧត្តម ស ថេង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសពលេខ១០០ មហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។

សេចក្តីដូចបានទូលថ្វាយ និងជម្រាបជូនខាងលើ ចាត់ទុកជាការជូនដំណឹង សម្តេច ឯកឧត្តម អ្នកឧញ៉ា លោកឧញ៉ា លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព និងសាធារណជន មេត្តាជ្រាប និងសូមមេត្តាយាង អញ្ជើញចូលពិធីបុណ្យសពតាមការគួរ…”៕