ខេត្តព្រះសីហនុ ៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានដើរតាមឪពុកទៅរាយមងនៅក្នុងប្រឡាយទឹក លុះទៅដល់ ឪពុកក៏បានចុះទៅក្នុងទឹក ដើម្បីរាយមងបាត់ទៅ ដោយទុកឱ្យកូនស្រីនៅអង្គុយតែម្នាក់ឯងក្បែរមាត់ច្រាំង ស្រាប់តែអកុសល ក្មេងស្រីរងគ្រោះបានរអិលជើងធ្លាក់ចូលទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ក្មេងស្រីលង់ទឹកប្រឡាយស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចប្រឡាយចុង ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់។
ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះខន លីណា អាយុ៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីបុរសឈ្មោះស៊ុន ខន អាយុ៥៥ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ គាត់បានដើរចេញពីផ្ទះ សំដៅទៅប្រឡាយទឹកខាងលើ បំណងរាយមងរកត្រី ស្រាប់តែពេលនោះ កូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) ដែលទើបនឹងមានអាយុ៨ឆ្នាំ ក៏បានដើរតាមគាត់ទៅរាយមងដែរ។

បុរសជាឪពុកក្មេងស្រីរងគ្រោះ បន្តថា លុះទៅដល់ប្រឡាយទឹក កន្លែងដែលគាត់ត្រូវចុះរាយមង គាត់បានឱ្យកូនស្រីនៅអង្គុយលើមាត់ ប្រឡាយឱ្យស្ងៀម ចំណែកគាត់បានចុះទៅរាយមងនៅក្នុងទឹក រហូតដល់ម៉ោងជាង៧យប់ ពេលគាត់រាយមងរួចហើយ ឡើងមកលើគោកវិញ ស្រាប់តែបាត់មិនឃើញកូនស្រី ទើបគាត់នឹកឆ្ងល់ស្មានថាកូនស្រីដើរត្រឡប់មកផ្ទះមុន ក៏ត្រឡប់មកផ្ទះសួររកកូនស្រី តែគ្មានអ្នកណាបានឃើញសោះ ទើបគាត់សង្ស័យថាកូនស្រីលង់ទឹក ក៏ប្រញាប់វិលទៅប្រឡាយចុង រួចចុះរាវរកកូនស្រីភ្លាមៗ លុះមួយសន្ទុះក្រោយមក គាត់ក៏ប្រទះឃើញកូនស្រីលង់ទឹកប្រឡាយស្លាប់បាត់ទៅហើយ ទើបស្រង់សាកសពយកត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សាកសពក្មេងស្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕