បុរសជាមន្ត្រីនគរបាលម្នាក់ ក្រោយពីផឹកស្រាស្រវឹង ក៏កើតមានអាការៈខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្សារសែនមនោរម្យ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

បុរសរងគ្រោះខាងលើ មានឈ្មោះអៀម សាវិន អាយុ២៩ឆ្នាំ មុខរបរជាមន្ត្រីនគរបាលការពារព្រំដែនគោក វរៈ៣០៣ មានលំនៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រារហូតដល់ស្រវឹងជោកជាំ រួចក៏ប្រះខ្លួនដេក ស្រាប់តែកើតមានអាការៈដូចជាចង់ស្ទះខ្យល់ ទើបត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ដើម្បីសង្គ្រោះជីវិត តែអកុសល ពេលដឹកទៅដល់មន្ទីរពេទ្យបង្អែកសែនមនោរម្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ កម្លាំងជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងក្រុមគ្រូពេទ្យនៃមន្ទីពេទ្យបង្អែកសែនមនោរម្យ បានធ្វើការពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយមូលហេតុស្រវឹងស្រាខ្លាំង បណ្តាលឱ្យខ្យល់គ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕