ខេត្តកណ្តាល ៖ គូសង្សារវ័យក្មេងមួយគូ កំពុងជិះម៉ូតូឱបចង្កេះគ្នាយ៉ាងស្អិតល្មួត ស្រាប់តែត្រូវយុវជន២នាក់ ទំនងជាគូស្នេហ៍ចាស់ ផ្ទុះភ្លើងប្រចណ្ឌ ប្រទះឃើញហូតខ្សែក្រវាត់ដេញវាយបណ្តាលឱ្យរយះក្បាលទាំង២នាក់ រងរបួសធ្ងន់ ចំណែកជនដៃដល់ទាំង២នាក់ ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បានប្រគល់ទៅឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដែលសង្ស័យថា ផ្តើមចេញពីភ្លើងស្នេហ៍ត្រីកោណខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានតាំងហ៊ុន ព្រំប្រទល់សង្កាត់តាខ្មៅ និងឃុំស្វាយរលំ ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង។

ជនរងគ្រោះទាំង២នាក់ ដែលត្រូវគេព្រួតវាយនឹងខ្សែក្រវាត់រយះក្បាល រួមមាន ទី១-ឈ្មោះឃុត សុជាតា ហៅស្រីអូន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងទី២-ឈ្មោះសួន ពុទ្ធមុន្នីរ័ត្ន ហៅប៉ង់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ ធឿន ប៉ាលី អាយុ២០ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង និងទី២-ឈ្មោះសន ចាន់ធា អាយុ២២ឆ្នាំ មុខរបរកម្មករ មានលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង។ រីឯវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ខ្សែក្រវាត់ក្បាលដែក ចំនួន១ និងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1R-7398។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះឈ្មោះសួន ពុទ្ធមុន្នីរ័ត្ន ហៅប៉ង់ និងយុវតី រងគ្រោះឈ្មោះឃុត សុជាតា ហៅស្រីអូន បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CQ-4084 ដឹកគ្នាយ៉ាងស្អិតល្មួត ធ្វើដំណើរពីក្រុងតាខ្មៅ សំដៅមកឃុំស្វាយរលំ លុះធ្វើដំណើរមកដល់ចំណុចគល់ស្ពានតាំងហ៊ុន ព្រំប្រទល់សង្កាត់តាខ្មៅ និងឃុំស្វាយរលំ ក៏ស្រាប់តែលេចមុខជនសង្ស័យ ឈ្មោះធឿន ប៉ាលី និងឈ្មោះសន ចាន់ធា ជិះម៉ូតូដឹកគ្នាប្រដេញតាមពីក្រោយម៉ូតូជនរងគ្រោះ រួចក៏បានទាញខ្សែក្រវាត់វាយទៅលើជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះភ័យ ក៏ឈប់ម៉ូតូផ្តួលទៅលើផ្លូវថ្នល់ និងបានស្រែកហៅឱ្យអ្នកភូមិជួយ ភ្លាមនោះ ជនសង្ស័យទាំង២នាក់ បានយកខ្សែក្រវាត់ដេញវាយទៅលើជនរងគ្រោះទាំង២នាក់បន្ថែមទៀត បណ្តាលឱ្យជនរងគ្រោះទាំង២នាក់ បែកក្បាលហូរឈាមស្រោចខ្លួន ព្រមទាំងធ្វើឱ្យខូចខាតទូរស័ព្ទដៃ ម៉ាក iPhone 6Plus ពណ៌ទឹកប្រាក់ ចំនួន១គ្រឿងទៀតផង។

នៅពេលឃើញសកម្មភាពហិង្សាបែបនេះ ប្រជាពលរដ្ឋមូលដ្ឋាន ក៏បាននាំគ្នាចេញមកឃាត់ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុភ្លាមៗ និងចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ នាំយកទៅសាកសួរនៅប៉ុស្តិ៍ស្វាយរលំ។ ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងតាខ្មៅ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគបាលស្រុកស្អាង ដើម្បីបន្តអនុវត្តតាមនីតិវិធី៕
