ខេត្តឧត្តរមានជ័យ ៖ បុរសជាប្តីចិត្តកំណាចឃោរឃៅម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ត្រឡប់មកផ្ទះវិញ ក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រួចក៏ស្ទុះទៅទាញដំបងវាយសំពងប្រពន្ធយ៉ាងចាស់ដៃ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន ព្រមទាំងមានរបួសស្នាមសុសពេញខ្លួន។
ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល។

ជនសង្ស័យជាប្តីចិត្តកំណាច ដែលវាយសំពងប្រពន្ធគ្មានប្រណី មានឈ្មោះព្រឿង អៀច អាយុ៣៨ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះម៉ៅ ទឿង អាយុ៣៥ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ អ្នកជិតខាងបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ និងចាប់ឃាត់ខ្លួនបុរសជាប្តីកំណាច នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាល។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានអ្នកជិតខាងជួយដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ផ្នែកជំនាញ ដើម្បីចាត់ការទៅតាមច្បាប់៕