Sunday, November 9, 2025
Homeព័ត៌មានជាតិក្រមុំចាស់មិនព្រមយកប្តី តូចចិត្តចងកសម្លាប់ខ្លួន

ក្រមុំចាស់មិនព្រមយកប្តី តូចចិត្តចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ព្រោះតែតូចចិត្តនឹងជំងឺប្រចាំកាយព្យាបាលមិនជា ក៏ដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិតនៅក្នុងបន្ទប់ជួល អស់រយៈពេល២-៣ថ្ងៃមកហើយដោយគ្មានអ្នកដឹង រហូតដល់សាកសពស្អុយរលួយ ទើបមានអ្នកប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលលេខ៤៦២A តាមផ្លូវព្រះមុនីវង្ស ក្រុម៦៨ ស្ថិតនៅភូមិ១២ សង្កាត់ទន្លេបាសាក់។

ស្ត្រីចំណាស់គំនិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះអ៊ុក ចាន់ធីតា អាយុ៦៣ឆ្នាំ ជាក្រមុំចាស់មិនយកប្តី ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅសង្កាត់លេខ៥ រាជធានីភ្នំពេញ។

តាមសម្តីស្ត្រីឈ្មោះហ៊ុល គន្ធា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ជាម្ចាស់ផ្ទះជួលខាងលើ បានឱ្យដឹងថា នៅមុនកើតហេតុ គាត់បានយកសម្លរកកូរ១ចាន ឱ្យស្ត្រីរងគ្រោះ ព្រោះស្រឡាញ់រាប់អានគ្នា ដោយស្ត្រីរងគ្រោះបានជួលបន្ទប់របស់គាត់ស្នាក់នៅ ប្រហែលជិត២ឆ្នាំមកហើយ។ នៅពេលទៅដល់បន្ទប់ជួលរបស់ស្ត្រីរងគ្រោះ គាត់ក៏បានស្រែកហៅ តែមិនឮសូរសំឡេងឆ្លើយតបសោះ ទើបគាត់គោះទ្វារហៅ នៅតែមិនមានសំឡេងឆ្លើយដដែល។ ស្រាប់តែភ្លាមនោះ គាត់បានធុំក្លិនស្អុយសាយភាយចេញពីបន្ទប់ស្ត្រីរងគ្រោះ ទើបនឹកឆ្ងល់ ក៏ទាញកញ្ចក់បង្អួចបើកមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះចងកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យកន្លែងកើតហេតុតែម្តង។

ស្ត្រីជាម្ចាស់ផ្ទះជួល បានបញ្ជាក់ថា ស្ត្រីរងគ្រោះនេះមានជំងឺប្រចាំកាយ ហើយទិញថ្នាំពេទ្យម្តងៗ សុទ្ធតែជាង១០០ដុល្លារឯណោះ តែគាត់ក៏មិនដឹងច្បាស់ថា ស្ត្រីរងគ្រោះឈឺអ្វីនោះទេ ព្រោះជនរងគ្រោះមិនដែលប្រាប់គាត់ថាឈឺអ្វីទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួច បញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើកន្សែងចងទៅលើចំរឹងបង្អួចថ្ម និងឡើងជាន់កៅអី។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅស្ត្រីជាប្អូនបង្កើតសព ឈ្មោះអ៊ុក សុម៉ាលី ភេទស្រី អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣២E1 តាមផ្លូវ១៧៨ ក្រុម៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ យកទៅតម្កល់ទុកនៅវត្តសំបួរមាស ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES