Sunday, November 9, 2025
Homeព័ត៌មានជាតិដឹកស្រីស្នេហ៍បំណង... ទាំងកណ្តាលយប់ ដាច់អស់ម៉ូតូ១គ្រឿង

ដឹកស្រីស្នេហ៍បំណង… ទាំងកណ្តាលយប់ ដាច់អស់ម៉ូតូ១គ្រឿង

ភ្នំពេញ ៖ យុវជនម្នាក់ បានជិះម៉ូតូទៅដឹកស្រីស្នេហ៍បំណងទៅលេងផ្ទះរបស់ខ្លួនទាំងកណ្តាលយប់ ស្រាប់តែធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យប្រុសស្រី១ក្រុម បានព្រួតគ្នាធ្វើសកម្មភាពស្ទាក់វ៉ៃប្លន់យកម៉ូតូរហូតដល់បានសម្រេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវហាណូយ ត្រង់ចំណុចខាងមុខក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ SCG ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

យុវជនរងគ្រោះដែលត្រូវចោរវ៉ៃប្លន់ម៉ូតូ មានឈ្មោះសាន់ ទិត្យ អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកផ្សារទំនើបអ៊ីអន២ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅ ម៉ាកស៊ុយស៊ូគីនិច ស៊េរីឆ្នាំ២០១៤ ឡើងស៊េរី២០១៨ ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1FA-4917។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូទៅទទួលស្រីស្នេហ៍ពីបន្ទប់ជួលរបស់នាង ម្តុំកាំកូស៊ីធី បំណងដឹកទៅលេងបន្ទប់ជួលរបស់ខ្លួន ដែលនៅក្បែរកន្លែងកើតហេតុ។ ដោយធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង។ លុះជិះមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវមានសភាពស្ងាត់ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យប្រុសស្រីមួយក្រុម មានគ្នាជាង១០នាក់ ជិះម៉ូតូ៦ទៅ៧គ្រឿង មិនចាំម៉ាក បានចេញមកស្ទាក់ពីមុខ រួចធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយមកលើរូបគេ ជាហេតុធ្វើឱ្យរូបគេភ័យស្លន់ស្លោ ក៏ផ្តួលម៉ូតូរត់យករួចខ្លួន ហើយភ្លាមនោះ ក្រុមជនសង្ស័យឃើញឱកាសល្អ ក៏លើកយកម៉ូតូរបស់គេ ជិះរត់គេចខ្លួនដោយសុវត្ថិភាព ភ្លាមៗនោះ ជនរងគ្រោះបានស្រែកឆោឡោ តែគ្មានអ្នកណាចេញមកមើលនោះទេ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរកម៉ូតូរបស់ខ្លួនយកត្រឡប់មកវិញ ហើយក៏បានដើរចេញពីប៉ុស្តិ៍ ដោយក្តីអស់សង្ឃឹម៕

RELATED ARTICLES