Sunday, November 9, 2025
Homeព័ត៌មានជាតិបងប្អូនបង្កើតនឹងគ្នាសោះ អីក៏សាហាវដល់ថ្នាក់នេះ

បងប្អូនបង្កើតនឹងគ្នាសោះ អីក៏សាហាវដល់ថ្នាក់នេះ

ខេត្តក្រចេះ ៖ បុរស២នាក់ ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតដល់បុរសជាបងថ្លៃស្ទុះទៅវ៉ៃប្អូនថ្លៃ១ដៃ ធ្វើឱ្យប្អូនថ្លៃផ្ទុះកំហឹង ក៏ទាញកាំបិតផ្គាក់កាប់ប្រហារបងថ្លៃវិញចំនួន២កាំបិត បណ្តាលឱ្យរយះចង្កេះ និងប្រអប់ដៃ រងរបួសយ៉ាងធ្ងន់ ចំណែកប្អូនថ្លៃក្រោយពីធ្វើសកម្មភាពរួច ក៏រត់គេចខ្លួនបាត់ស្រមោល។

ករណីបងប្អូនថ្លៃផ្ទុះអំពើហិង្សាដាក់គ្នាខាងលើនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិជ្រោះជ្រៅពោធិសាល ឃុំគ្រញូងសែនជ័យ ស្រុកស្នួល។

បុរសរងគ្រោះ ដែលត្រូវប្អូនថ្លៃកាប់ប្រហារចំនួន២កាំបិតរងរបួសធ្ងន់ មានឈ្មោះសយ ចិន្តា អាយុ៣៣ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ (រងរបួសត្រង់ចង្កេះខាងឆ្វេង និងប្រអប់ដៃខាងឆ្វេង)។ ចំណែកជនដៃដល់ជាប្អូនថ្លៃ មានឈ្មោះយ៉ាន់ ជា អាយុ២៨ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅម្តុំត្រពាំងឈូក ស្ថិតក្នុងភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល។

ក្រោយកាប់ប្រហារបងថ្លៃ២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ហើយ ជនដៃដល់ក៏បានជិះម៉ូតូរត់គេចខ្លួនចេញបាត់ពីកន្លែងកើតហេតុភ្លាមៗដែរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ ពិនិត្យនិងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES