Sunday, November 9, 2025
Homeព័ត៌មានជាតិខ្ចី៦មុឺនបាត គេចខ្លួន២ឆ្នាំ ខ្មែរឃើញចាប់វ៉ៃបោចសក់ថៃ ផ្អើលប៉ោយប៉ែត

ខ្ចី៦មុឺនបាត គេចខ្លួន២ឆ្នាំ ខ្មែរឃើញចាប់វ៉ៃបោចសក់ថៃ ផ្អើលប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីខ្មែរម្នាក់ បានឱ្យប្រាក់ទៅស្ត្រីជនជាតិថៃម្នាក់ ខ្ចីចំនួនជាង៦ម៉ឺនបាត លុះរយៈពេលជាង២ឆ្នាំមកហើយ  ស្ត្រីថៃ ជាកូនបំណុលមិនព្រមសង និងចេះតែព្យាយាមគេចមុខរហូត ទើបធ្វើឱ្យស្ត្រីខ្មែរជាម្ចាស់បំណុលខឹង តាមរកមុខដល់ឃើញ ចាប់វ៉ៃបោចសក់ផ្អើលទាំងព្រឹក លុះក្រោយមក ស្រាប់តែរាលដាលដល់បុរសជាអ្នករត់ម៉ូតូឌុបដែលចូលទៅឃាត់ស្ត្រីវ៉ៃគ្នា ផ្ទុះជម្លោះវ៉ៃគ្នាថែម១គូទៀត។

ករណីហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ទោះជាយ៉ាងណាគូជម្លោះប្រុសស្រីទាំង២គូខាងលើនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ដោយគ្រាន់តែដឹង គូទី១ ភាគីម្ខាងជា ស្ត្រីជនជាតិខ្មែរ និងជាអាជីវករលក់ទូរស័ព្ទនៅផ្សាររុងក្លឿ មានលំនៅក្នុងក្រុងប៉ោយប៉ែត ចំណែកស្ត្រីជនជាតិថៃជាកូនបំណុល មានវ័យប្រមាណ ៣០ឆ្នាំ រស់នៅស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងឡើង គេឃើញស្ត្រីខ្មែរ និងស្ត្រីថៃ ខាងលើ ឈ្លោះប្រកែកតឹងសរសៃកដាក់គ្នា ពីរឿងស្ត្រីថៃ ជំពាក់លុយស្ត្រីខ្មែរចំនួន៦ម៉ឺនបាត រយៈពេល២ឆ្នាំមកហើយ តែមិនព្រមសងសោះ។ មិនតែប៉ុណ្ណោះស្ត្រីថៃ ជាកូនបំណុលរូបនោះ តែងចេញចូលលេងល្បែងក្នុងកាស៊ីណូនៅក្រុងប៉ោយប៉ែតរហូត ប៉ុន្តែចេះតែព្យាយាមគេចមុខ ពីស្ត្រីជនជាតិខ្មែរជាម្ចាស់បំណុល ពោលគឺគេចវេសមិនចង់សងលុយ ទើបធ្វើឱ្យស្ត្រីជាម្ចាស់បំណុលទប់ចិត្តលែងបាន ក៏តាមរកមុខ រហូតបានជួបដូចបំណងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត លុះជជែកគ្នា មិនត្រូវរ៉ូវ គងពាក្យសម្តី ក៏ក្លាយជាអំពើហិង្សា វ៉ៃកាត់បំណុលតែម្តង។

នៅក្នុងហេតុការណ៍ហិង្សារវាងស្ត្រីខ្មែរ និងស្ត្រីថៃ ខាងលើនេះ គេឃើញមានបុរសជនជាតិខ្មែរជាក្រុមអ្នករត់ម៉ូតូឌុប ដែលនៅទីតាំងកើតហេតុនោះ បានចូលជួយឃាត់ដែរ ក្រោយមក ស្រាប់តែអ្នករត់ម៉ូតូឌុប២នាក់ បាននិយាយឌឺដងដាក់គ្នា ដោយម្ខាងនិយាយថា ម៉េចមិនជួយឃាត់ លុះម្នាក់ទៀតតបវិញថា បើខ្លួនមិនឃាត់ម្លេះជម្លោះក៏មិនទាន់បញ្ចប់ដែរ។  ប៉ុន្តែដោយភាគីទាំងពីរស្តាប់សម្តីគ្នាមិនបាន ក៏កើតជាជម្លោះវាយតប់គ្នា ផ្អើលថែម១គូទៀត រហូតដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ ទើបបែកផ្លូវគ្នារៀងខ្លួនអស់ទៅ៕

RELATED ARTICLES