ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ទំនងជាលួចចាប់ចិត្តស្រលាញ់កូនក្រមុំគេ ដែលនៅជាប់របងផ្ទះគ្នា ប៉ុន្តែមិនហ៊ានសារភាព បែរជាបែកគំនិតហែកជញ្ជាំងបង្កប់កាមេរ៉ា ចាំឃ្លាំមើលបន្ទប់ខាងស្រីមួយរយៈមកហើយ លុះឪពុកខាងស្រីប្រទះឃើញ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ចុះអន្តរាគមន៍ហៅខាងប្រុសមកណែនាំ និងដោះកាមេរ៉ានោះចេញវិញ។

ករណីប្រុសបង្កប់កាមេរ៉ាចាំឃ្លាំមើលកូនក្រមុំគេ តែត្រូវឪពុកគេតាមទាន់ ប្តឹងប៉ូលិសនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

លោកអធិការរងស្រុកមង្គលបូរី បានប្រាប់ថា ចំពោះរឿងដែលអ្នកជិតខាងលួចបង្កប់កាមេរ៉ាជាប់បន្ទប់កូនស្រីគេនោះ ត្រូវបានឪពុកខាងស្រីដាក់ពាក្យបណ្តឹងមកប៉ុស្តិ៍ឫស្សីក្រោក ផងដែរ។ លុះក្រោយពេលទទួលបានពាក្យបណ្តឹងរួច នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចក៏បានធ្វើការកោះហៅភាគីដែលលួចបង្កប់កាមេរ៉ានោះ មកធ្វើការណែនាំ ដោយមានសរសេរកិច្ចស្ចន្យាថា នឹងដោះកាមេរ៉ាចេញ ហើយប្រសិនបើមានលើកក្រោយទៀត នឹងឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ទៀតផង៕
(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)