ភ្នំពេញ ៖ ករណីបុរសជាមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះម្នាក់ ដែលដាច់ចិត្តបាញ់សម្លាប់ខន្លួនៅក្នុង បន្ទប់សណ្ឋាគារស៊ីដនី ស្ថិតនៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន កាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នោះ ត្រូវបានក្រុមគ្រួសារបង្ហើបប្រាប់ថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត និងបានចេញពីផ្ទះ អស់រយៈពេល៣ថ្ងៃមកហើយ មិនតែប៉ុណ្ណោះ នៅមុនពេលកើតហេតុការណ៍បាញ់សម្លាប់ខ្លួន ជនរងគ្រោះបានណាត់ជួបសង្សារជាលើកចុងក្រោយទៀតផង។

បុរសដែលមានវិបត្តិផ្លូវចិត្តរហូតឈានដល់បាញ់សម្លាប់ខ្លួន មានឈ្មោះម៉ុន រតនៈឧត្តម អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាល មានឋានន្តរស័ក្តិវរសេនីទោ (ស័ក្តិ៤កន្លះ) បម្រើការនៅអគ្គនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
តាមប្រភពពីក្រុមគ្រួសាររបស់ជនរងគ្រោះ បានឱ្យដឹងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ថា ជនរងគ្រោះឈ្មោះម៉ុន រតនៈឧត្តម អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះ ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ទីកន្លែងកំណើតនៅភូមិគោកស្វាយ ឃុំប្ញស្សីក្រោក ស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ បានចាកចេញពីផ្ទះប្រហែល២-៣ថ្ងៃមកហើយ រហូតដល់កើតករណីបាញ់សម្លាប់ខ្លួនឯងនេះតែម្តង។

ដោយឡែក មន្ត្រីនគរបាលមូលដ្ឋាន ដែលបានចុះធ្វើកោសល្យវិច័យសព បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានបាញ់សម្លាប់ខ្លួនឯងប្រាកដមែន ដោយប្រើប្រាស់កាំភ្លើងខ្លីម៉ាកកា៥៤ និងបាញ់ចំសៀតផ្កាខាងស្តាំ ធ្លាយចេញមកក្រៅ បណ្តាលឱ្យស្លាប់នៅលើគ្រែ។

បើតាមមន្ត្រីនគរបាល ជនរងគ្រោះបានបើកបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារតាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ហើយរូបគេបានហៅសង្សារមកជួបជាលើកចុងក្រោយទៀតៀង។ លុះរហូតដល់រសៀលថ្ងៃទី០១ ខែសីហា ក៏កើតមានករណីបាញ់សម្លាប់ខ្លួនឯងតែម្តង ដោយជំហ៊ានដំបូង និងមានការបំភ្លឺពីក្រុមគ្រួសារនោះ សមត្ថកិច្ចជំនាញអាចសន្និដ្ឋានបានថា ជនរងគ្រោះមានវិបត្តិផ្ទាល់ខ្លួន ទើបសម្រេចចិត្តធ្វើអត្តឃាតបែបនេះ។

តាមការបំភ្លឺពីបុគ្គលិកសណ្ឋាគារស៊ីដនី ដែលជាទីតាំងកើតហេតុខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះបានចូលមកជួលបន្ទប់សណ្ឋាគារសម្រាក១យប់។ លុះមកដល់វេលាម៉ោងប្រមាណ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ទៅហើយ មិនទាន់ឃើញជនរងគ្រោះចុះមកវិញ និងមិនដឹងថា ជនរងគ្រោះចង់ស្នាក់នៅបន្តទៀត ឬយ៉ាងណា ទើបបុគ្គលិកសណ្ឋាគារ បានទូរស័ព្ទទៅកាន់បន្ទប់ជនរងគ្រោះ បំណងសួរនាំ តែគ្មានអ្នកលើក ទើបឡើងទៅគោះទ្វារបន្ទប់យ៉ាងយូរ ក៏នៅតែមិនឃើញជនរងគ្រោះបើកទ្វារទៀត ទើបនឹកសង្ស័យ ក៏ដាច់ចិត្តគាស់គន្លឹះទ្វារចូលទៅមើល ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម មិនដឹងតាំងពីពេលណានោះទេ ព្រមទាំងមានកាំភ្លើងខ្លី១ដើម នៅក្បែរខ្លួនផង ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្តឹងសមត្ថកិច្ច ចុះមកពិនិត្យកន្លែងកើតហេតុតែម្តង៕
