Sunday, November 9, 2025
Homeព័ត៌មានជាតិប្តីវ៉ៃ រត់ចេញសុំផ្ទះគេនៅទាំងកណ្តាលយប់ តែរឿងហួសចិត្តលោកប៉ូលិសទៅវិញទេ

ប្តីវ៉ៃ រត់ចេញសុំផ្ទះគេនៅទាំងកណ្តាលយប់ តែរឿងហួសចិត្តលោកប៉ូលិសទៅវិញទេ

ភ្នំពេញ ៖ បុរសម្នាក់នេះ កាលប្រពន្ធនៅមានសម្រស់ល្អផូផង់ ស្រលាញ់ថ្នាក់ថ្នមប្រពន្ធខ្លាំងណាស់ លុះប្រពន្ធប្រឹងធ្វើការរកប្រាក់ហត់នឿយស្រកស្រុតរូបសម្រស់ ស្រាប់តែចាប់ផ្តើមនឿយណាយ លែងសូវស្រលាញ់ប្រពន្ធ និងថែមទាំងដើរផឹកស៊ីស្រវឹង រករឿងឈ្លោះប្រកែក វាយដំប្រពន្ធមិនស្វាង ទីបំផុត បានប្រើអំពើហិង្សាយ៉ាងឃោរឃៅ វាយដំធ្វើទារុណកម្មប្រពន្ធយ៉ាងចាស់ដៃ រួចបណ្តេញប្រពន្ធឱ្យចុះចេញពីផ្ទះទាំងកណ្តាលយប់ ធ្វើឱ្យស្ត្រីជាប្រពន្ធដែលរងរបួសសុសពេញខ្លួន រួចក៏ដើរសំដៅទៅប៉ុស្តិ៍ប៉ូលិស ដើម្បីដាក់ពាក្យបណ្តឹងឱ្យជួយអន្តរាគមន៍ តែអ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ គឺក្រោយពីនាងរៀបរាប់ប្រាប់ប៉ូលិសចប់សព្វគ្រប់ ប៉ូលិសដែលធ្លាប់ជាដៃគូផឹកស៊ីជាមួយប្តីរបស់នាង បែរជាដេញឱ្យនាងត្រឡប់ទៅផ្ទះវិញ ដោយមិនមានចំណាត់ការអ្វីទាំងអស់ ទើបនាងតូចចិត្តដឹកដៃកូនតូច ដើរសុំផ្ទះអ្នកជិតខាងស្នាក់នៅទាំងទឹកភ្នែក។

ហេតុការណ៍អំពើហិង្សារក្នុងគ្រួសារ ប្តីវ៉ៃដំប្រពន្ធយ៉ាងឃោរឃៅ រួចបណ្តេញឱ្យចុះចេញពីផ្ទះទាំងកណ្តាលយប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ស្ត្រីរងគ្រោះ ដែលត្រូវប្តីវាយដំប៉ោងមុខ ពកក្បាល និងរងរបួសសុសពេញខ្លួន មានឈ្មោះស្រីអូន អាយុជាង៣០ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកជនដៃដល់ជាប្តីកំណាច មានឈ្មោះហេង សម្បត្តិ អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្តឱ្យសាលាឯកជន។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅ ក្នុងភូមិសង្កាត់កើតហេតុខាងលើ។

ដោយសារតែត្រូវប្តីវាយបណ្តេញចេញពីផ្ទះ ណាមួយរត់ទៅរកប៉ូលិសឱ្យជួយ តែមិនទទួលបានផលផងនោះ ទើបនាង បានដឹកដៃកូនស្រីតូចទាំងទឹកភ្នែក ដើរសុំផ្ទះអ្នកជិតខាងសម្រាកស្នាក់នៅមួយយប់ ចាំព្រឹកឡើងចាំគិតបន្តទៀត។

ជុំវិញរឿងរ៉ាវអំពើហិង្សាក្នុងគ្រួសារខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES