ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូទាំងមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ធ្វើឱ្យមើលផ្លូវមិនច្បាស់ ក៏ជ្រុលទៅបុករថយន្ត១គ្រឿងពីក្រោយ បណ្តាលឱ្យដួលបោកក្បាលស្លាប់ហាលភ្លៀងយ៉ាងអាណោចអាធ័ម ចំណែករថយន្តបានបើកគេចបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលី យ៉ុងផាត់ ម្តុំអតីតបញ្ជបង់ប្រាក់ចាស់ ស្ថិតក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

បុរសរងគ្រោះត្រូវបានគេស្គាល់តាមរយៈអត្តសញ្ញាណប័ណ្ណ ដែលមានឈ្មោះសាំង សាធ អាយុ៦៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥១ ភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។ ជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1DL-0039។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅភូមិសាស្ត្រស្ទើរទូទាំងរាជធានីភ្នំពេញ បានធ្លាក់ភ្លៀងមួយមេធំ ដោយឡែកនៅតាមផ្លូវលី យ៉ុងផាត់ បានធ្លាក់ភ្លៀងយ៉ាងខ្លាំង បន្ទាប់មក គេបានឃើញជនរងគ្រោះខាងលើ បានជិះម៉ូតូក្នុងល្បឿនមធ្យម តាមបណ្តោយផ្លូវលី យ៉ុងផាត់ ក្នុងទិសដៅពីកើតទៅលិច លុះទៅដល់ចំណុចកើតហេតុ ទំនងជាជនរងគ្រោះមើលផ្លូវមិនសូវច្បាស់ ទើបជ្រុលទៅបុករថយន្តពីក្រោយ បណ្តាលឱ្យដួលបោកក្បាលស្លាប់ នៅនឹងកន្លែងកួរឱ្យសង្វេគ ចំណែកភាគីរថយន្តក៏បន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចពិនិត្យទីតាំងកើតហេតុ ឃើញថា មានដែកអក្សរវេ ប្រហែលកន្លះម៉ែត្រ នៅពីក្រោមម៉ូតូ ហើយម៉ូតូបែកក្បាំងម្ខាង ចំណែកជនរងគ្រោះដួលបោកក្បាល។ តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ច ជនរងគ្រោះអាចជិះម៉ូតូបុកគូទរថយន្ត បណ្តាលឱ្យដួលបោកក្បាលស្លាប់ ខណៈដែលរថយន្តបានបើកគេចបាត់ស្រមោល។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕