ភ្នំពេញ ៖ យុវជនម្នាក់មានសំណាងខ្ពស់ខ្លាំងណាស់ ឬអាចនិយាយថា មកពីទឹកដោះម្តាយថ្លៃ បន្ទាប់ពីយុវជនរូបនេះ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1U-3993 ដឹកស្រីស្នេហ៍ ដើរលេងយប់ លុះត្រឡប់ទៅផ្ទះវិញ ឈប់ម៉ូតូតាមផ្លូវ ដើម្បីទិញបារីជក់ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ អត់ចាំស្លាកលេខ ហើយក្នុងចំណោមនោះ ជនសង្ស័យម្នាក់មានរាងដំបង កម្ពស់ប្រមាណ១,៧៥ម៉ែត្រ ពាក់អាវស៊ីវិល ប៉ុន្តែពាក់មួកប៉ូលិស មកអែបជិត រួចដកកាំភ្លើងខ្លីបាញ់១គ្រាប់ បំណងបាញ់សម្លាប់ប្លន់យកម៉ូតូ តែសំណាងល្អ ប៉ះចំគ្រាប់ស្អុយអត់ផ្ទុះ ទើបធ្វើឱ្យក្រុមជនសង្ស័យប្លន់មិនបានសម្រេច ក៏នាំគ្នាគេចខ្លួនបាត់ស្រមោលអស់។

ករណីប៉ុនប៉ងបាញ់សម្លាប់ប្លន់យកម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវសុធារស ចំណុចមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋចតុមុខ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគម៍ តាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕
