Sunday, November 9, 2025
Homeព័ត៌មានជាតិបានសម្រេចទៅហើយ តែស៊យជួបប៉ូលិស

បានសម្រេចទៅហើយ តែស៊យជួបប៉ូលិស

ខេត្តតាកែវ ៖ ជនសង្ស័យជាចោរប្លន់ចំនួន២នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ១ដើម បានធ្វើសកម្មភាពស្ទាក់កាប់ប្លន់យកម៉ូតូបុរសម្នាក់បានសម្រេច តែមិនបង្កឱ្យម្ចាស់ម៉ូតូរងរបួសនោះទេ (គេចទាន់) រួចក៏ព្យាយាមជិះម៉ូតូជនរងគ្រោះរត់គេចខ្លួន តែត្រូវសមត្ថកិច្ចដាក់ពង្រាយកម្លាំងស្ទាក់ចាប់ជនសង្ស័យបានម្នាក់ ខណៈដែលបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍កាប់ប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី។ លុះជនសង្ស័យប្លន់បានសម្រេច ជិះម៉ូតូម្នាក់១គ្រឿង គេចខ្លួនមកដល់ចំណុចភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ក៏ជួបនឹងកម្លាំងសមត្ថកិច្ចដែលកំពុងពួនស្ទាក់ ធ្វើឱ្យជនសង្ស័យភ័យផ្តួលម៉ូតូចោលរត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមប្រមាញ់បានម្នាក់ ចំណែកម្នាក់ទៀតរត់បាត់។

ជនសង្ស័យទាំង២នាក់ ដែលធ្វើសកម្មភាពកាប់ប្លន់ម៉ូតូនេះ រួមមាន ទី១-ឈ្មោះសាន់ មុន្នីរក្សា ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី (ឃាត់ខ្លួន) ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GI-4975។ និងទី២- ឈ្មោះទឹម វីន ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅភូមិធ្លក ឃុំជង្រុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (រត់គេចខ្លួន)។ ចំណែកជនរងគ្រោះមានឈ្មោះ រ៉េត គឹមជៀម ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយឡែកម៉ូតូដែលជនសង្ស័យប្លន់យកទៅ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GS-7276។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងជិះម៉ូតូតែម្នាក់ឯង មកដល់ចំណុចភូមិផ្សារគុម្ភឫស្សី ឃុំតាំងដូង ស្រុកបាទី ដែលជាចំណុចស្ងាត់ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង និងប្រដាប់ដោយដាវសាំម៉ូរ៉ៃ១ដើម បានជិះមកអែបក្បែរគាត់ និងបានទាញដាវកាប់គាត់ បំណងប្លន់យកម៉ូតូ តែសំណាងល្អ គាត់ឃើញទាន់ ក៏ស្ទុះគេចខ្លួន ជាហេតុធ្វើឱ្យជនសង្ស័យមានឱកាសប្លន់យកម៉ូតូរបស់គាត់ ជិះគេចខ្លួនម្នាក់១គ្រឿង។ ភ្លាមនោះ គាត់ក៏បានស្រែកឆោឡោផ្អើលដល់អ្នកភូមិ ជួយរាយការណ៍ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការស្ទាក់ចាប់ខ្លួនជនសង្ស័យបានភ្លាមៗ ព្រមទាំងដកហូតបានម៉ូតូរបស់គាត់មកវិញទៀតផង។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ាន់ សារី និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដោយបានសហការជាមួយគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងស្រុកបាទី បានធ្វើការចេញល្បាត និងពួនស្ទាក់គ្រប់ច្រកល្ហក លុះដល់ចំណុចភូមិព្រៃស្លែង ឃុំកុមាររាជា ស្រុកបាទី ទើបជួបនឹងជនសង្ស័យ ហើយជនសង្ស័យទាំងពីរនាក់បានផ្តួលម៉ូតូរត់ តែត្រូវសមត្ថកិច្ចដេញចាប់ខ្លួនបានម្នាក់ ឈ្មោះសាន់ មុន្នីរក្សា រីឯជនសង្ស័យម្នាក់ទៀត ឈ្មោះទឹម វីន បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី និងស្វែងរកចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់។ រីឯម៉ូតូដែលជនង្ស័យប្លន់ កម្លាំងជំនាញបានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕

RELATED ARTICLES