ភ្នំពេញ ៖ យុវតីជាសិស្សសាលាម្នាក់ បានធ្វើដំណើរទៅសាលារៀន រួចក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយ ស្រាប់តែ៣ថ្ងៃក្រោយមក ក៏ទទួលបានដំណឹងកូនស្រីកំពុងនៅប៉ុស្តិ៍ប៉ូលិស និងបានរៀបរាប់ប្រាប់ប៉ូលិសថា នាងត្រូវជនសង្ស័យមិនស្គាល់មុខ ចាប់ញាត់ចូលរថយន្តដឹកយកទៅបង្ខាំងទុកនៅភូមិគ្រិះមួយកន្លែង មិនចាំទីតាំង ដោយក្នុងនោះ មានក្មេងស្រីៗប្រមាណជាង១០នាក់ឯណោះ ហើយនាងសំណាងល្អ បានលួចរត់ចេញមកបាន ហេតុនេះស្នើឱ្យសមត្ថកិច្ចជួយរំដោះក្មេងស្រីផ្សេងៗទៀតផង។

យុវតីរងគ្រោះ ដែលអះអាងថា ត្រូវក្រុមឧក្រិដ្ឋជនចាប់ដាក់ឡានដឹកយកទៅបង្ខាំងទុកនោះ មានឈ្មោះស៊ុំ ណាវិន អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាលយ័ទួលអំពិល ស្នាក់នៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជុំវិញករណីខាងលើនេះ កម្លាំងចម្រុះ ដែលរួមមានទាំងកម្លាំងសមត្ថកិច្ច និងកម្លាំងអាវុធហត្ថ បាននិងកំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីឈានទៅដល់ការរំដោះក្មេងស្រីចំនួនជាង១០នាក់ទៀត ដែលកំពុងតែបង្ខាំងទុកបង្អត់បាយបង្អត់ទឹក និងស្វែងរកចាប់ក្រុមឧក្រិដ្ឋជនខាងលើ នាំយកមកផ្តន្ទាទោសតាមច្បាប់៕
