ភ្នំពេញ ៖ ក្មេងស្រី២នាក់បងប្អូន (បងអាយុ១៣ឆ្នាំ ប្អូនអាយុ៩ឆ្នាំ) គ្រាន់តែម្តាយវ៉ៃ និងស្តីបន្ទោសបន្តិចបន្តួច ស្រាប់តែខឹងសម្បាបបួលគ្នាជិះកង់ចេញពីផ្ទះឯស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឡើងមកដល់ភ្នំពេញ ទាំងមិនមានគោលដៅអ្វីពិតប្រាកដសោះ និងត្រូវប្រជាពលរដ្ឋប្រទះឃើញ សួរដឹងដំណើររឿង ក៏ហៅសមត្ថកិច្ចឱ្យមកទទួល ដើម្បីទាក់ទងរកឪពុកម្តាយមកទទួលយកវិញ។

ករណីកូនស្រី២នាក់ ខឹងម៉ែវ៉ៃ និងស្តីបន្ទោសតិចតួច បែរជាបែកគំនិតជិះកង់ចេញពីផ្ទះ ក្នុងចម្ងាយផ្លូវដ៏ឆ្ងាយ ទាំងគ្មានគោលដៅច្បាស់លាស់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ក្មេងស្រីទាំង២នាក់បងប្អូនដែលជិះកង់ចេញពីផ្ទះ រួមមាន ទី១-ឈ្មោះសេង ចាន់ស្រីនីត អាយុ១៣ឆ្នាំ (ត្រូវជាបង) និងទី២-ឈ្មោះ សេង ចាន់មារតី អាយុ៩ឆ្នាំ (ត្រូវជាប្អូន)។ ក្មេងស្រីទាំង២នាក់ មានម្តាយឈ្មោះឈុន ស៊ីនឿន អាយុ៤២ឆ្នាំ មុខរបរអ្នកលក់ដូរនៅផ្សារ ឪពុកឈ្មោះកែវ សេង អាយុ៥៤ឆ្នាំ មុខរបរមន្ត្រីរាជការ។ ក្រុមគ្រួសារមួយនេះ មានលំនៅក្នុងភូមិត្រពាំងពោធិ៍ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម។

ក្រោយពីទទួលដំណឹងនេះហើយ សមត្ថកិច្ចបានធ្វើការទំនាក់ទំនងរកបងប្រុសរបស់ក្មេងស្រីទាំង២នាក់ខាងលើ ដែលរស់នៅភ្នំពេញ ឱ្យមកទទួលយកក្មេងស្រី ទាំង២នាក់ ត្រឡប់ទៅផ្ទះវិញ៕