ខេត្តកំពង់ធំ ៖ យុវជនម្នាក់កំពុងជិះម៉ូតូតែម្នាក់ឯងសុខៗ ក៏ស្រាប់តែត្រូវក្មេងទំនើង២នាក់ ជិះម៉ូតូដេញតាមពីក្រោយ រួចទាញពូថៅកាប់ប្រហារចំនួន៣ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ ប៊ិះដាច់ក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិដំណាក់ ឃុំស្រឡៅ ស្រុកបារាយណ៍។

យុវជនរងគ្រោះដែលត្រូវជនដៃដល់កាប់៣ពូថៅប៊ិះដាច់ក មានឈ្មោះនាង ប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស រៀននៅវិទ្យាល័យទ្រៀល និងមានលំនៅភូមិព្រិច ឃុំទ្រាល ស្រុកបារាយណ៍។ ចំណែកក្រុមជនដៃដល់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែជិះម៉ូតូតែម្នាក់ឯងតាមផ្លូវ តែមិនដឹងគោលដៅទៅណាមកណាឱ្យពិតប្រាកដនោះទេ ស្រាប់តែពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ២នាក់ បានជិះម៉ូតូដេញពីក្រោយ លុះតាមទាន់ក៏ទាញពូថៅកាប់យកៗតែម្តង បណ្តាលឱ្យជនរងគ្រោះរងរបួសប៊ិះដាច់ក ដួលសន្លប់សន្លប់ស្តូកស្តឹងក្នុងថ្លុកឈាម។

ក្រោយពីធ្វើសម្មភាពកាប់ប្រហារជនរងគ្រោះឱ្យរងរបួសធ្ងន់រួច ក្រុមជនដៃដល់បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗ បាត់ស្រមោលអស់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ ប៉ុន្តែដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរពេក ទើបក្រុមគ្រូពេទ្យបានសម្រេចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះជីវិតបន្ត។
ក្រុមគ្រូពេទ្យបានអះអាងថា ជនរងគ្រោះទទួលរងរបួសធ្ងន់ណាស់ ដោយរងការកាប់ប្រហារចំនួន៣ពូថៅ ក្នុងនោះ ចំត្រង់ចង្កា១កន្លែង ចំស្មាខាងឆ្វេងរយះ១កន្លែង និងដងកាំបិតខាងស្តាំ១កន្លែង ព្រមទាំងស្រាំឆ្អឹងទៀតផង។

តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ច ករណីនេះអាចផ្តើមចេញពីរឿងគំនុំ ពោលគឺមិនមែនជាករណីកាប់ប្លន់ទ្រព្យសម្បត្តិ នោះទេ។ យ៉ាងណា ពេលនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេត ស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕