ខេត្តបន្ទាយមានជ័យ ៖ គ្រោះអគ្គិភ័យមួយបានកើតឡើង ដោយផ្តើមចេញពីមូលហេតុទុស្សេខ្សែភ្លើង បណ្តាលឱ្យឆាបឆេះតូបលក់បាយមួយកន្លែង ធ្វើឱ្យទាំងភ្ញៀវ រួមនឹងម្ចាស់ផ្ទះភ័យស្លន់ស្លោរត់ជាន់ជើងគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខមន្ទីរព្យាបាលនគររាជ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
តូបលក់បាយដែលទទួលរងការឆាបឆេះ មានទំហំ ៤ម៉ែត្រ គុណនឹង ១២ម៉ែត្រ ធ្វើពីថ្មប្រក់សង្ក័សី មានម្ចាស់ឈ្មោះឡាច ចិត្រ ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកអ្នកដែលជួលតូបខាងលើ ដើម្បីលក់បាយម្ហូប មានឈ្មោះឈុន ធារឹទ្ធ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលមានភ្ញៀវជាច្រើនបានចូលហូបចុកបាយម្ហូបនៅក្នុងតូបលក់បាយខាងលើសុខៗ ក៏ស្រាប់តែកើតមានហេតុការណ៍ទុស្សេខ្សែភ្លើង បង្កឱ្យក្លាយជាអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យទាំងភ្ញៀវ ទាំងអ្នកលក់ ភ័យស្លន់ស្លោ នាំគ្នារត់គេចចេញមកក្រៅហាងព្រោងព្រាត និងបានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុដើម្បីជួយអន្តរាគមន៍ ជាមួយនេះ ក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ត្រូវបានបញ្ជូនមកដល់ភ្លាមៗផងដែរ ដោយក្នុងនោះ រថយន្តអគ្គិភ័យមួយគ្រឿង ជារបស់ក្រុមហ៊ុនកាស៊ីណូត្រូពីកាណា និង១គ្រឿងទៀត ជារបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងបានបាញ់ទឹកពន្លត់ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃដដែល។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាតតូបលក់បាយ១ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនធំ។ មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី តែយ៉ាងណា អគ្គិភ័យខាងលើនេះ មិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងរបួស ឬគ្រោះថ្នាក់អ្វីទេ៕