ខេត្តកោះកុង ៖ យុវជនជាកម្មករនេសាទតាមសមុទ្រម្នាក់ មិនដឹងជាមានវិបត្តិអ្វីក្នុងចិត្តដោះស្រាយមិនចេញ ក៏ដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិត នៅលើដំបូលទូក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅលើសមុទ្រចំណុចអៅវ៉ៅ ស្ថិតក្នុងភូមិកាពិ ឃុំកោះកាពិ ស្រុកកោះកុង។

យុវជនគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះរ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករនេសាទសមុទ្រ ស្នាក់នៅលើទូកនេសាទ ដែលមានថៅកែឈ្មោះគីម រុន ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅភូមិ៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យថៅកែទូក ដើម្បីប្រគល់បន្តទៅឱ្យសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕
