ខេត្តកំពង់ចាម ៖ ស្ត្រីមានប្តីម្នាក់ នៅសុខៗក៏បានបាត់ចេញពីផ្ទះដោយគ្មានដំណឹង អស់រយៈពេល១ខែមកហើយ បើទោះជាក្រុមគ្រួសារ និងបុរសជាប្តីតាមស្វែងរកយ៉ាងណា ក៏មិនទទួលបានដំណឹងទាល់តែសោះ ជាហេតុធ្វើឱ្យបុរសជាប្តីមានការភ័យព្រួយ ប្រកាសហៅប្រពន្ធឱ្យវិលត្រឡប់មកផ្ទះវិញ។
ស្ត្រីដែលចេញពីផ្ទះចោលប្តីអស់រយៈពេល១ខែនេះ មានឈ្មោះមុត ស្រីអូន អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិហាន់ជ័យ ស្រុកកំពង់សៀម។
តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធគាត់បានរៀបការនឹងគ្នាប៉ុន្មានឆ្នាំមំកហើយ និងស្រលាញ់គ្នាខ្លាំងណាស់ មិនដែលមានបញ្ហារកាំរកូសអ្វីធំដុំនោះទេ ចំណែកគាត់ជាប្តីក៏មិនធ្លាប់ប្រើសម្តីតូចធំដាក់ប្រពន្ធដែរ តែមិននឹកស្មានថា នៅសុខៗប្រពន្ធបែរជាចេញពីផ្ទះបាត់ ដោយមិនប្រាប់ដំណឹងអ្វីមួយម៉ាត់បែបនេះសោះ។ ស្រាប់តែនៅមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានចេញពីផ្ទះ ដោយមិនបានប្រាប់ដំណឹងឱ្យសមាជិកគ្រួសារណាម្នាក់បានដឹងថា នាងចេញទៅណាមកណា ឬទៅជាមួយអ្នកណានោះទេ។ លុះដល់ល្ងាចទៅហើយ នៅតែមិនទាន់ឃើញប្រពន្ធត្រឡប់មកផ្ទះវិញ ទើបគាត់ជាប្តី រួមនឹងក្រុមគ្រួសារ កើតមានការផ្អើលឆោឡោ ដើរតាមស្វែងរកសព្វកន្លែង ប៉ុន្តែមិនមានដំណឹងអ្វីសូម្បីបន្តិចសោះ ដោយគិតមកដល់សព្វថ្ងៃ ប្រពន្ធរបស់គាត់ បានបាត់ខ្លួនអស់រយៈពេល១ខែមកហើយ មិនដឹងថា ប្រពន្ធមានសុខទុក្ខបែបណានោះទេ។
បុរសជាប្តីខាងលើ បានបញ្ជាក់ថា ដោយសារតែប្រពន្ធបាត់ខ្លួនដោយគ្មានដំណឹង ទោះជាស្វែងរកអស់លទ្ធភាពយ៉ាងណាក៏មិនឃើញ ទើបគាត់បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្វែងរកដែរ តែមិនទាន់ទទួលបានលទ្ធផលនៅឡើយ។ ពេលនេះ គាត់ពិតជាបារម្ភពីសុវត្ថិភាពប្រពន្ធខ្លាំងណាស់ ខ្លាចត្រូវមនុស្សមិនល្អបោកបញ្ឆោតនាំយកទៅធ្វើបាប ហេតុនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាប្រទះឃើញ មនុស្សស្រីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់គាត់ជាប្តី តាមរយៈវិទ្យុអេប៊ីស៊ី ដែលមានលេខទូរស័ព្ទ ០៧០ ២៣ ១០ ១០ និង០១២ ២៣ ១០ ១០៕