ភ្នំពេញ ៖ បុរស២នាក់ ទើបនឹងចេញពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក នាំគ្នាជិះម៉ូតូកង់បី១គ្រឿង បំណងចេញទៅផឹកបន្តនៅកន្លែងផ្សេងទៀត ស្រាប់តែអកុសល ក៏ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍១គ្រឿង ជ្រុលមកបុក បណ្តាលឱ្យខ្ទាតអ្នកបើកម៉ូតូកង់បីចូលក្រោមកង់រថយន្តកិនដាច់ខ្លួនខ្ទេច គួរឱ្យរន្ធត់បំផុត ចំណែកអ្នកជិះពីក្រោយរងរបួសស្រាល រីឯរថយន្តបង្កបានព្យាយាមបើករត់ប្រមាណ៥០០ម៉ែត្រ ពីកន្លែងកើតហេតុ ទើបត្រូវប្រជាពលរដ្ឋឃាត់ចាប់ខ្លួនអ្នកបើកបរបានប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និរោធចាស់ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ កែងផ្លូវលេខ២៥១ (ផ្លូវចូលភូមិ តាងៅ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

បុរសរងគ្រោះដែលត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍កិនខ្ទេចខ្លួនស្លាប់នេះ មានឈ្មោះអ៊ូ សុផា ហៅទូច អាយុ៤៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបុរី លឹម ឈាងហាក់ វាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែកអ្នករួមដំណើរម្នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ និងគ្រាន់តែទទួលរងរបួសស្រាលប៉ុណ្ណោះ។ ជនរងគ្រោះទាំង២នាក់ ធ្វើដំណើរតាមម៉ូតូកង់បី១គ្រឿង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1HD-7591។ ដោយឡែកអ្នកបើកបររថយន្តបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណដូចគ្នា បើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ ធុនធំ របស់ក្រុមហ៊ុន ខេស៊ីមិន (K-Cement) ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-7900 ក្រោយកើតហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរ។

បន្ទាប់ពីទទួលបានលេខទូរស័ព្ទសាច់ញាតិរបស់ជនរងគ្រាះ សមត្ថកិច្ចបានទំនាក់ទំនងផ្តល់ដំណឹងដល់សាច់ញាតិ ប្រពន្ធកូនជនរងគ្រោះ ឱ្យឡើងមកកន្លែងកើតហេតុ ស្រែកទ្រហោយំគួរឱ្យសោកសង្រេងបំផុត។
បន្ទាប់ពីធ្វើការវាស់វែងតាមជំនាញរួចរាល់ សមត្ថកិច្ចបានអូសយកម៉ូតូកង់បី រួមនឹងរថយន្តបង្ក ទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី។

ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសាច់ញាតិដើរប្រមូលបំណែកដែលបែកខ្ទេចមើលលែងយល់ នៅលើដងផ្លូវ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
