Sunday, November 9, 2025
Homeព័ត៌មានជាតិបន្ទប់លេខ១១០ មានមនុស្សស្លាប់ ផ្អើលពេញសណ្ឋាគារ

បន្ទប់លេខ១១០ មានមនុស្សស្លាប់ ផ្អើលពេញសណ្ឋាគារ

ខេត្តសៀមរាប ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម ទាំងក្នុងសភាពហើមស្អុយនៅក្នុងបន្ទប់សណ្ឋាគារ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់លេខ១១០ សណ្ឋាគារ GOLDEN BUTTERFLY VILLA មានទីតាំងស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បុរសរងគ្រោះដែលដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារខាងលើ មានឈ្មោះ GILDRED JOSEPH DANIEL អាយុ៤១ឆ្នាំ ជាជនជាតិអាមេរិកាំង មុខរបរជាភ្ញៀវទេសចរណ៍ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅបន្ទប់លេខ១១០ សណ្ឋាគារខាងលើ។

តាមប្រភពពីបុគ្គលិកសណ្ឋាគារ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានចូលមកជួលបន្ទប់សណ្ឋាគារស្នាក់នៅ និងបានចេញចូលធ្វើដំណើរកម្សាន្តតាមធម្មតា។ លុះមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះមិនឃើញចេញពីបន្ទប់សោះ តែខាងសណ្ឋាគារ មិនបានចាប់អារម្មណ៍នោះទេ ព្រោះស្មានថា ជនរងគ្រោះត្រូវការសម្រាកយកកម្លាំង។ រហូតមកដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះនៅតែមិនឃើញចេញពីបន្ទប់ទៀត ទើបបុគ្គលិកសណ្ឋាគារ ឡើងទៅគោះទ្វារហៅ ប៉ុន្តែមិនឮឆ្លើយ ទើបចាក់សោចូលទៅមើល ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើឥដ្ឋការ៉ូក្នុងបន្ទប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយលោកវេជ្ជបណ្ឌិត គង់ រិទ្ធី គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ដោយជំងឺស្ទះសរសៃឈាមបេះដូង ដាច់សរសៃឈាមខួរក្បាល។

 

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ឯរាជធានីភ្នំពេញ ដើម្បីរង់ចាំប្រគល់ឱ្យក្រុមគ្រួសារ និងតំណាងស្ថានទូត ចាត់ចែងបន្ត៕

RELATED ARTICLES