Sunday, November 9, 2025
Homeព័ត៌មានជាតិសំណុំរឿងឃាតកម្ម ប្រពន្ធប្រចណ្ឌ និងខឹងប្តីមិនជួយមើលកូន ចាក់១០កាំបិតស្លាប់

សំណុំរឿងឃាតកម្ម ប្រពន្ធប្រចណ្ឌ និងខឹងប្តីមិនជួយមើលកូន ចាក់១០កាំបិតស្លាប់

ខេត្តសៀមរាប ៖ បន្ទាប់ពីចំណាយពេលវេលាស៊ើបអង្កេតស្រាវជ្រាវយ៉ាងក្តៅគគុក អស់រយៈពេលប្រមាណ៧ម៉ោងរួចមក ទីបំផុត សំណុំរឿងឃាតកម្មដ៏ឃោរឃៅ ឃាតករដៃឆៅចាក់ប្រហារមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលគោកចក ១០កាំបិត ស្លាប់ក្នុងថ្លុកឈាមលើចិញ្ចើមផ្លូវ កាលពីវេលាទៀបភ្លឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២១០៨នោះ ត្រូវបានសមត្ថកិច្ចជំនាញខេត្តសៀមរាប បំបែកបានហើយ និងឈានដល់ការចាប់ខ្លួនជនដៃដល់ជាឃាតករដែលត្រូវជាប្រពន្ធរបស់ជនរងគ្រាះ កាលពីវេលាម៉ោង១រសៀលថ្ងៃដដែល ចំណែកមូលហេតុដែលឈានដល់ការការចាក់សម្លាប់ប្តីយ៉ាងសាហាវព្រៃផ្សៃនេះ គឺផ្តើមចេញពីភ្លើងប្រចណ្ឌ និងជម្លោះរឿងប្តីអត់ជួយមើលកូនឈឺ។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ លីនី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរសម្អាងការនៅផ្សារជ្រាវ មានស្រុកកំណើតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សព្វថ្ងៃស្នាក់នៅក្នុងក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងមានកូនប្រុសម្នាក់ អាយុ៣ឆ្នាំ កំពុងរស់នៅក្នុងបន្ទុក។ ស្ត្រីសង្ស័យជាឃាតកររូបនេះ ត្រូវជាភរិយារបស់ជនរងគ្រោះ ឈ្មោះហ៊ឹម វណ្ណារ៉ូ អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ឋានន្តរស័ក្តិព្រិន្ទបាលឯក មានលំនៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ក្រោយសួរនាំស្ត្រីជនសង្ស័យរួចមក សមត្ថកិច្ចក៏បានចុះទៅផ្ទះស្ត្រីសង្ស័យ ដើម្បីឆែករកមើលក៏ឃើញវត្ថុតាង ព្រមទាំងដកហូតវត្ថុតាង រួមមាន ទូរស័ព្ទសរុបចំនួន៤គ្រឿង រួមជាមួយរបស់ជនរងគ្រោះ កាំបិត២ដើមនៅកន្លែងកើតហេតុ សម្លៀកបំពាក់២កំប្លេរ មួកការពារសុវត្ថិភាព១ សាំង១ដបទឹកសុទ្ធ ស្បែកជើង២គូ ក្នុងនោះរបស់ជនរងគ្រោះ១គូ។

គួររំលឹកថា កាលពីវេលាម៉ោង៤និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយបានកើតឡើង ដោយបុរសជាមន្ត្រីនគរបាលប៉ុស្តិ៍គោកចកម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមកាំបិតពេញខ្លួន នៅត្រង់ចំណុចផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ចម្ងាយពីថ្នល់ជាតិប្រមាណ៤០០ម៉ែត្រ ស្ថិតក្នុងក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញក្រុងសៀមរាប បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវឃាតករចាក់សម្លាប់ប្រាកដមែន ដោយឃាតករបានប្រើកូនកាំបិតចិតបន្លែមុខស្រួចចាក់ប្រហារ ជនរងគ្រោះចំពោះចំនួន ៩កាំបិត និងខ្នង១កាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សាកសពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ឱ្យសាច់ញាតិដឹកយកទៅបូជានៅវត្តត្រាំនាគ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅព្រឹកថ្ងៃដដែល។

ដោយឡែក ស្ត្រីសង្ស័យជាប្រពន្ធជនរងគ្រោះ ត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្ត នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES