Sunday, November 9, 2025
Homeព័ត៌មានជាតិគ្រាន់តែម្តាយថា "អត់លុយទេ" កូនប្រុសដេញវាយទាំងកំរោល

គ្រាន់តែម្តាយថា “អត់លុយទេ” កូនប្រុសដេញវាយទាំងកំរោល

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានសុំលុយពីម្តាយរបស់ខ្លួនយកទៅទិញថ្នាំញៀនជក់ លុះម្តាយប្រាប់ថា អត់លុយឱ្យ ក៏ស្រាប់តែផ្ទុះកំហឹងស្ទុះដេញវាយម្តាយទាំងកំរោល តែត្រូវម្តាយរត់គេចទាន់ ទើបធ្វើឱ្យកូនប្រុសកាន់តែខឹងសម្បា ក៏ធ្វើសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងដល់កម្លាំងអាវុធហត្ថ ចុះឃាត់ខ្លួន កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចជិតវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះកែម និល អាយុ៥១ឆ្នាំ ត្រូវជាម្តាយរបស់ជនសង្ស័យ  និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបភ្លាមៗនៅនឹងកន្លែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះខាន់ ម៉ាប់ អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាង រួមមាន គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន១កូនថង់ ស្មើ០,២៤ក្រាម លុយចំនួន១១.៥០០រៀល ព្រមទាំងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្ថែមថា តាមការបំភ្លឺរបស់ជនរងគ្រោះ ត្រូវជាម្តាយរបស់ជនសង្ស័យ បានបញ្ជាក់ថា  នៅថ្ងៃកើតហេតុ កូនប្រុសរបស់គាត់បានប្រើប្រាស់គ្រឿងញៀនរួច ក៏បានមកសុំលុយគាត់យកទៅជក់បន្ត តែគាត់ប្រាប់ថាអត់លុយទេ ស្រាប់តែកូនប្រុសកំណាចនេះផ្ទុះកំហឹង បានដេញវាយគាត់ លុះគាត់រត់រួច គេក៏បានយកញញួរមកវាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះអស់មួយចំនួន ឃើញហេតុការណ៍បែបនេះ គាត់មានការភ័យខ្លាច ក៏ទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង តែម្តង។

នៅចំពោះមុខមន្ត្រីជំនាញអាវុធហត្ថ ជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនរយៈពេល៥ឆ្នាំមកហើយ ចំពោះការវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ម្តាយ គឺខឹងព្រោះតែរឿងសុំលុយកាក់មិនបាន។ ចំណែកគ្រឿងញៀន១កូនថង់ ដែលសមត្ថកិច្ចរឹបអូសបាន គឺខ្លួនបានពឹងម៉ូតូឌុបទៅទិញឱ្យ ដើម្បីយកមកទុកប្រើប្រាស់បន្ត។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES