ខេត្តកោះកុង ៖ បុរសវ័យចំណាស់ម្នាក់ ឃើញកូនស្រីនិងកូនប្រសា រស់នៅមិនចុះសម្រុងនឹងគ្នា ចេះតែកើតមានជម្លោះជារៀងរាល់ថ្ងៃ ក៏ព្យាយាមអប់រំណែនាំ ប្រៀនប្រដៅកូនទាំងពីរ កុំឱ្យធ្វើបែបនេះ នាំឱ្យខ្មាសគេ ប៉ុន្តែទាំងកូនបង្កើតនិងកូនប្រសា ហាក់មិនស្តាប់សម្តីឪពុកសោះ នៅតែបន្តជម្លោះជាប់រហូត ទីបំផុត ឪពុកតូចចិត្តនឹងកូនមិនស្តាប់ការទូន្មានប្រៀបប្រដៅ ក៏រត់ទៅចងកសម្លាប់ខ្លួននៅក្នុងព្រៃ រហូតដល់១សប្តាហ៍ក្រោយមក សាកសពហើមស្អុយរលួយ ទើបមានអ្នកប្រទះឃើញ។

ករណីបុរសចំណាស់តូចចិត្តរឿងប្រដៅកូនមិនស្តាប់ បែរជារត់ទៅចងកសម្លាប់ខ្លួនក្នុងព្រៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចព្រៃស្ងាត់មួយកន្លែង ស្ថិតក្នុងភូមិតាំកន់ ឃុំកណ្តោល ស្រុកបុទុមសាគរ។

សាកសពបុរសចំណាស់ខាងលើ មានឈ្មោះប្រឹង នាង អាយុ៦៥ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំកណ្តោល មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុកបូទុមសាគរ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកណ្តោល លោកមេភូមិតាំកន់ និងលោកមេឃុំកណ្តោល បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើក្រមាចងកជាប់ជាមួយដើមឈើ កំពស់ប្រហែល៣ម៉ែត្រ នៅក្នុងព្រៃស្ងាត់ខាងក្រោយភូមិ ដោយសាកសពមានសភាពហើមស្អុយរលួយទៅហើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕