Sunday, November 9, 2025
Homeព័ត៌មានជាតិចាប់ខ្លួនស្រីម្នាក់ ប្រុសម្នាក់ ពីបទប្រើហិង្សា

ចាប់ខ្លួនស្រីម្នាក់ ប្រុសម្នាក់ ពីបទប្រើហិង្សា

ខេត្តបាត់ដំបង ៖ កម្លាំងអធិការដ្ឋានគរបាលស្រុកបវេល វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ បានចុះអនុវត្តដីកានាំខ្លួនចំនួន២ដីកា ដោយចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំនុចភូមិបវេល១ ឃុំបវេល ស្រុកបវេល ដែលជាប់ពាក់ព័ន្ធនឹងករណីអំពើហិង្សាមានស្ថានទម្ងន់ទោស។

ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ងួន ឆៃយ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងទី២-ឈ្មោះគឹម មួយ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល។

តាមប្រភពពីសមត្ថកិច្ចស្រុកបវេល បានបញ្ជាក់ប្រាប់ថា ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមដីកានាំខ្លួន ចំនួន២ដីកា លេខ២៣៣ និងលេខ៣៣៤ ត.ព្រ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ របស់លោកញាណ សុវណ្ណ ចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តបាត់ដំបង ឱ្យនាំខ្លួនឈ្មោះងួន ឆៃយ៉ា ភេទប្រុស និងឈ្មោះគឹម មួយ ភេទស្រី ដែលត្រូវចោទពីបទហិង្សាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។

ករណីនេះ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES