Sunday, November 9, 2025
Homeព័ត៌មានជាតិម្តាយអង្វរបានតែ៣ថ្ងៃប៉ុណ្ណោះ កូនប្រុសចងកសម្លាប់ខ្លួន

ម្តាយអង្វរបានតែ៣ថ្ងៃប៉ុណ្ណោះ កូនប្រុសចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ ស្ត្រីជាម្តាយម្នាក់ ព្រោះតែឃើញកូនប្រុសលង់ខ្លួនយ៉ាងជ្រៅជាមួយនឹងការប្រើប្រាស់ថ្នាំញៀន ក៏អង្វរកសុំឱ្យកូនផ្តាច់ថ្នាំញៀន ចំណែកកូនប្រុសក៏យល់ព្រម ដោយសុខៗយកថ្នាំបន្សាបមកលេប លុះលេបថ្នាំបន្សាបថ្នាំញៀនបានតែ៣ថ្ងៃ ធ្វើទុក្ខក្នុងខ្លូនខ្លាំងពេក ពិបាកទ្រាំ កូនប្រុសរូបនេះក៏ដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិតតែម្តង ធ្វើឱ្យស្ត្រីជាម្តាយយំសោកបោកខ្លួនយ៉ាងខ្លាំង។

ករណីបុរសព្យាយាមផ្តាច់ថ្នាំញៀន តែលំបាកក្នុងខ្លួនពេកទ្រាំមិនបាន ក៏ដាច់ចិត្តចងកធ្វើអត្តឃាតខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះខាងលើ មានឈ្មោះពៅ វីរៈបុត្រ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សញៀនថ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក កូនប្រុសគាត់បានលង់ខ្លួនប្រើប្រាស់គ្រឿងញៀន រហូតដល់ញៀនអត់មិនបាន តែងប្រើជាប់ជាប្រចាំ។ លុះមួយរយៈចុងក្រោយនេះ គាត់ជាម្តាយបាននិយាយអង្វរលួងលោមកូនប្រុស ឱ្យឈប់ប្រើថ្នាំឆ្កួតនេះទៀតទៅ ចំណែកកូនប្រុសក៏យល់ព្រមដែរ ទើបគាត់បាននាំកូនប្រុសទៅយកថ្នាំពីមន្ទីរពេទ្យរុស្ស៊ី ដើម្បីយកមកផឹកបន្សាបគ្រឿងញៀន និងរំពឹងថា កូនប្រុសនឹងអាចផ្តាច់ថ្នាំញៀនបាន មានអនាគតភ្លឺស្វាងឡើងវិញ ដឹងអីមិនបានប៉ុន្មានផង កូនប្រុសគាត់ក៏ដាច់ចិត្តគិតខ្លីបែបនេះតែម្តង។

ស្ត្រីជាម្តាយជនរងគ្រោះ បន្តថា បន្ទាប់ពីយកថ្នាំពីមន្ទីរពេទ្យរុស្ស៊ី មក កូនប្រុសគាត់បានព្យាយាមលេបថ្នាំបន្សាបថ្នាំញៀននេះ បានរយៈពេល៣ថ្ងៃមកហើយ ប៉ុន្តែដោយសារដោយសារអំណាចគ្រឿងញៀនក្នុងខ្លួនកូនប្រុសគាត់ខ្លាំងពេក ទើបធ្វើឱ្យវាចេះតែធ្វើទុក្ខបុកម្នេញ រស់មិនស្រណុក ពិបាកក្នុងខ្លួន និងធ្លាប់ត្អូញប្រាប់គាត់ជាម្តាយថា “ចង់តែស្លាប់ទេ” ប៉ុន្តែគាត់ចេះតែជួយនិយាយលើកទឹកចិត្តឱ្យកូនប្រុសជម្នះឱ្យបាន។

ស្ត្រីជាម្តាយជនរងគ្រោះ បានបញ្ជាក់ថា លុះមកដល់វេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដោយសារតែបារម្ភពីអាការៈកូនប្រុស និងហាក់មានប្រផ្នូលក្នុងចិត្ត គាត់ក៏ក្រោកពីដំណេកឡើងទៅមើលកូនប្រុសនៅលើផ្ទះ ស្រាប់តែឡើងទៅដល់ ក៏ប្រទះឃើញកូនប្រុសរបស់គាត់ បានចងកស្លាប់បាត់ទៅហើយ ដោយគ្មានអ្នកដឹងថា កូនចងកតាំងពីពេលណានោះទេ។ បន្ទាប់មកក៏កើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអ្វត្តឃាតប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះជាមនុស្សញៀនថ្នាំ និងបានព្យាយាមលេបថ្នាំបន្សាប តែដោយសារអាការៈក្នុងខ្លួនធ្វើទុក្ខខ្លាំងពេក ទ្រាំមិនបាន ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនតែម្តង។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES