ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានអង្គុយសំលៀងកាំបិតចំនួន៣ថ្ងៃជាប់គ្នា ទោះជាប្រពន្ធសួរនាំយ៉ាងណា ក៏មិនព្រមប្រាប់ លុះក្រោយមក ខណៈដែលកំពុងអង្គុយមើលទូរទស្សន៍ក្រោមផ្ទះជុំគ្នា ឃើញប្រពន្ធភ្លេចខ្លួន បុរសជាប្តីក៏លបឡើងទៅលើផ្ទះរួចយកកាំបិតដែលសំលៀង បម្រុងទុក៣ថ្ងៃមកហើយ មកអារកខ្លួនឯង បណ្តាលឱ្យបាញ់ឈាមពេញផ្ទះ ស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់។

ករណីអត្តឃាតអារកសម្លាប់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង២៤នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅលើផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ។
បុរសរងគ្រោះដែលអារកធ្វើអត្តឃាត មានឈ្មោះពក ណាវ អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះឈឿង ពៅ អាយុ៣៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាង (ជនរងគ្រោះ) គឺជាមនុស្សកើតមានជំងឺសរសៃប្រសាទប្រចាំ មួយរយៈមកហើយ ដោយសារតែប្តីរបស់គាត់ គឺជាមនុស្សញៀនស្រា តែងផឹកស្រវឹងអួទីនួជារៀងរាល់ថ្ងៃ រហូតដល់ក្តៅខួរលែងអាចគ្រប់គ្រង សតិស្មារតីខ្លួនឯងបាន។ ក្រោយពីឃើញសភាពរបស់ប្តីបែបនេះ ទើបនាងបានអង្វរកលួងលោមប្តីឱ្យផ្អាកផឹកតទៅទៀត ហើយប្តីក៏យល់ព្រមសន្យាផ្តាច់ស្រាដែរ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា តាំងពីផ្អាកផឹកស្រាមក ស្រាប់តែប្តីរបស់នាងចាប់ផ្តើមកើតមានអាការៈប្លែកខុសប្រក្រតី ដោយចេះតែនិយាយស្តីរវើរវាយ ឃើញមានគេដេញចាប់ ដេញវាយខ្លួន ហើយកន្លងមក នាងក៏ធ្លាប់នាំប្តីទៅព្យាបាលដែរ តែស្ថានភាពប្តីហាក់មិនបានធូរស្រាលសោះ ពោលគឺនៅតែបន្តមមើមមាយ បង្ហាញពីអារម្មណ៍ភិតភ័យ ដូចជាខ្លាចអ្វីម៉្យាង។

ប្រពន្ធជនរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ រយៈពេលប្រមាណ៣ថ្ងៃ នាងបានឃើញប្តីចេះតែអង្គុយសំលៀងកាំបិតចុងស្រួចជាប់ជានិច្ច ហើយទោះជានាងព្យាយាមសួរនាំប្តីថា សំលៀងកាំបិតធ្វើអ្វី? ក៏ប្តីមិនព្រមឆ្លើយប្រាប់ដែរ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ នាងនិងប្តីបានអង្គុយមើលទូរទស្សន៍ជាមួយគ្នានៅក្រោមផ្ទះ លុះពេលដែលនាងកំពុងជក់មើលទូរទស្សន៍ភ្លេចខ្លួន ស្រាប់តែប្តីបានដើរឡើងទៅលើផ្ទះ រួចក៏យកកូនកាំបិតចុងស្រួច ដែលគាត់សំលៀងទុក៣ថ្ងៃមកហើយនោះ មកធ្វើសកម្មភាពអារកខ្លួនឯង បណ្តាលឱ្យដាច់រយះបំពង់កយ៉ាងធំ ប្រកាច់ស្រក់ឈាមមកក្រោមផ្ទះ ទើបធ្វើឱ្យនាងមានការភ្ញាក់ផ្អើលស្ទុះឡើងទៅលើផ្ទះមើលប្តី ក៏ប្រទះឃើញប្តីត្រដរខ្យល់ស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។

បន្ទាប់ពីឃើញប្តីអារកសម្លាប់ខ្លួនបែបនេះ ស្ត្រីជាប្រពន្ធបានស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យមកជួយ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានអារកខ្លួនឯង ធ្វើអត្តឃាតប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះ គឺជាមនុស្សញៀនស្រា រហូតដល់លែងអាចគ្រប់គ្រងសតិស្មារតីខ្លួនឯងបាន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕