ភ្នំពេញ ៖ បុរសម្នាក់កំពុងដើរតាមផ្លូវសុខៗ ក៏ត្រូវឆ្កែព្រុស រួចដេញខាំ ទើបធ្វើឱ្យកើតមានកំហឹង ក៏ស្ទុះទៅទាញដុំថ្ម១ដុំធំ គប់សំដៅឆ្កែ តែមិនត្រូវ បែរជាខ្ទាតទៅចំថ្គាមក្មេងប្រុសម្នាក់ដែលកំពុងអង្គុយលើកង់ក្បែរនោះ បណ្តាលឱ្យរងរបួសសន្លប់ស្តូកស្តឹង និងត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនបង្កត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅសាកសួរ និងចាត់ការតាមច្បាប់។

ករណីទាញដុំថ្មគប់ឆ្កែ បែរជាខ្ទាតចំក្មេងប្រុសម្នាក់បណ្តាលឱ្យបាក់ថ្គាមនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ចំណុចក្រុមទី៧ ស្ថិតក្នុងភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។
ក្មេងប្រុសរងគ្រោះដែលរងរបួស១ដុំថ្មបាក់ថ្គាម មានឈ្មោះសឿង ពុធសីហា អាយុ១៣ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅផ្ទះលេខ៥៣០ ក្រុម៧ ភូមិ១ សង្កាត់ច្រាំងចំរេះ១ (រងរបួសថ្គាមខាងឆ្វេង)។ ចំណែកជនបង្កហេតុ មានឈ្មោះយិន យ៉ាន អាយុ២៨ឆ្នាំ មុខរបរមន្ត្រីឥណទាន ស្នាក់នៅផ្ទះជួលក្នុងភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ឃាត់ខ្លួន)។

ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះត្រូវបានសាច់ញាតិ ក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនបង្កបានអះអាងថា រូបគេគ្មានចេតនាគប់ក្មេងប្រុសរងគ្រោះខាងលើឱ្យរងរបួសនោះទេ គឺនៅមុនពេលកើតហេតុ រូបគេបានដើរតាមផ្លូវសំដៅទៅផ្ទះបង ស្រាប់តែត្រូវឆ្កែ១ក្បាលព្រុស រួចដេញខាំ ទើបធ្វើឱ្យរូបគេផ្ទុះកំហឹង ក៏រើសដុំថ្មគប់សំដៅឆ្កែ តែបែរជាខ្ទាតចំក្មេងប្រុសរងគ្រោះតែម្តង។

ជនបង្កខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕